(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបន្តក្រើនរំឮកដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងសូមបន្តអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីការពារ ទប់ស្កាត់ ការចម្លងវីរុស COVID-19 ខណៈជំងឺនេះមិនទាន់រលាយបាត់ពីប្រទេសកម្ពុជានៅឡើយទេ។
ការក្រើនរំឮកបែបនេះរបស់លោក គាត ហ៊ុល បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលរៀបចំចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០១គ្រួសារនេះ ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងនាមក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងក្នុងនាមរូបលោកផ្ទាល់ សូមថ្លែងអំណរគុណដល់ព្រះតេជគុណព្រះគ្រូចៅអធិការ ព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងសប្បុរសជនដែល បានរៀបចំពិធីនេះឡើង និងសូមថ្លែងអំណរគុណដល់លោក លោកស្រីមន្ត្រីរាជការ សប្បុរសជន ភ្ញៀវកិត្តិយស និងសមាជិក សមាជិកាទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងពិធីមនុស្សធម៌ដ៏មានសារៈសំខាន់នាឱកាសនេះ។
លោក គាត ហ៊ុល បានបន្តថា យោងតាមអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ, នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត, លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុងបាននិងកំពុងផ្ដោតការយកចិត្តទុកដាក់លើការងារសំខាន់មួយចំនួន។
ការចែកអំណោយនាពេលនេះ គឺជាការរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតបានមួយរយៈពេលខ្លីប៉ុណ្ណោះ។ ដោយឡែកអំណោយដែលនាំយក មកចែកជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម, មី ១០កញ្ចប់, ទឹកស៊ីអ៊ីវ ០១យួរ រួមនឹងថវិកាចំនួន ២០,០០០ រៀល ដែលអំណោយដែលយកមកចែកបងប្អូន ប្រជាពលរដ្ឋនាពេលនេះទទួលបានការឧបត្ថម្ភពីសប្បុរសជនអាជីករក្រុងប៉ោយប៉ែតផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក គាត ហ៊ុល សូមគោរពថ្លែងការកោតសរសើរដោយស្មោះ ចំពោះព្រះគ្រូចៅអធិការ សែម ប៊ុននី ដែលព្រះអង្គបានរួមចំណែកយ៉ាងធំធេង ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្ត និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកា និងគ្រឿងឧបភោគនិងគ្រឿងបរិភោគចែកជូនបងប្អូនប្រជាពលរដ្ឋនាឱកាសនេះ៕