(កំពង់ឆ្នាំង)៖ មុខរបរបណ្ដុះកូនប្រេងខ្យល់លក់ របស់ប្រជាកសិករ រស់នៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងមានហាងឆេង ដោយទទួលបានតម្លៃខ្ពស់ ២ឆ្នាំជាប់ៗគ្នា ធ្វើឲ្យពួកគាត់មានទឹកចិត្តរីករាយ ដោយបានជំរុញឲ្យពួកគាត់ពង្រីកនូវថ្នាលបណ្តុះកូនដើមប្រេងខ្យល់បន្ថែមទៀត តមតាមតម្រូវការរបស់អតិថិជន។

ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារ Fres News ប្រចាំខេត្តកំពង់ឆ្នាំង ស្ត្រីឈ្មោះ ប្រាំង សុធាវី ដែលបានប្រកបមុខរបរបណ្ដុះកូនប្រេងខ្យល់លក់ មានទីលំនៅខាងលើ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះថា រូបគាត់និងបងប្អូនរបស់គាត់ជាច្រើនគ្រួសារទៀតនៅក្នុងភូមិនេះ បានចាប់យកមុខរបរបណ្ដុះកូនប្រេងខ្យល់លក់ មានរយៈពេលជាច្រើនឆ្នាំមកហើយ។ ការចាប់យកមុខរបរខាងលើនេះ ដោយសារតែពួកគាត់បានចេះបច្ចេកទេសបណ្ដុះកូនប្រេងខ្យល់នេះ ពីអង្គការដែលបានមកបើកវគ្គបណ្ដុះបណ្ដាលដល់ប្រជាកសិករនៅក្នុងភូមិ។

បន្ទាប់ពីមានការយល់ដឹងពីបច្ចេកទេសក្នុងការបណ្ដុះកូនដើមប្រេងខ្យល់នេះមក ពួកគាត់ក៏បាននាំគ្នាចាប់ផ្ដើមសាកល្បងបណ្ដុះកូនដើមប្រេងខ្យល់ ដើម្បីលក់ឲ្យអ្នកដែលនៅក្នុងភូមិ ដោយដំបូងសាកល្បងត្រឹមតែ១០០០ ទៅ២០០០ដើម។ បន្ទាប់ពីមានភាពជោគជ័យ ចំពោះមុខរបរនេះជាបណ្តើរៗហើយនោះស្ត្រីរូបនេះ ក៏បានបណ្ដុះបណ្ដាលដល់ក្រុមគ្រួសាររបស់គាត់ ដែលមានសមាជិកគ្រួសារ៥នាក់បន្ថែមទៀត ដោយសារតែមុខរបរនេះ អាចទទួលបានប្រាក់កម្រៃគួរសមដែរ បន្ទាប់ពីផាត់ថ្លៃចំណាយផ្សេងៗ រួមទាំងតម្លៃកម្មករច្រកដីចូលថង់សម្រាប់ស្ទូងកូនប្រេងខ្យល់។

ស្ត្រីខាងលើបានបន្តថា សព្វថ្ងៃនេះគាត់បណ្ដុះកូនដើមប្រេងខ្យល់តែមួយមុខប៉ុណ្ណោះ ចំណែកកូនអាកាស្យា គឺពិបាកក្នុងការបណ្ដុះណាស់ ហើយក៏ពុំសូវមានអ្នករកច្រើននោះដែរ តែបើមានអ្នករក គាត់អាចកម្មង់យកមកពីបងប្រុសរបស់គាត់ ដែលបានបណ្ដុះដើមអាកាស្យានេះលក់ នៅឯខេត្តត្បូងឃ្មុំ ដោយមួយដើមតម្លៃ ៥០០រៀល ហើយសព្វថ្ងៃនេះ មានអតិថិជននៅតាមបណ្ដាខេត្តផ្សេងៗ បានមកកម្មង់ទិញជាហូរហែរ មិនដែលដាច់នោះទេ។ រីឯតម្លៃវិញ ប៉ុន្មានឆ្នាំកន្លងមកនេះ កូនដើមប្រេងខ្យល់មានតម្លៃមួយដើមតែ៥០ រៀលទៅ៧០រៀលតែប៉ុណ្ណោះ តែរយៈពេល២ ឆ្នាំជាប់គ្នាមកនេះ កូនដើមប្រេងខ្យល់មានតម្លៃ ១០០រៀលក្នុងមួយដើម។

បច្ចុប្បន្ន ក្រុមគ្រួសាររបស់គាត់ទាំង៥គ្រួសារ បានបណ្ដុះកូនប្រេងខ្យល់ទាំងអស់គ្នា សរុបមានចំនួនពី៧០ទៅ១០០ម៉ឺនដើម អាស្រ័យទៅលើអតិថិជនជាអ្នកកុម្ម៉ង់ទិញ។ បើពុំសូវមានអ្នកមកកម្មង់ទិញនោះទេ ពួកគាត់បណ្ដុះតែត្រឹម ១០ម៉ឺន ឬជាង ១០ម៉ឺនកូនតែប៉ុណ្ណោះ ដើម្បីបម្រុងទុកសម្រាប់លក់ឲ្យអតិថិជន នៅពេលដែលគេមករកទិញភ្លាមៗ។

លោកស្រី ប្រាំង សុធាវី បានរៀបរាប់អំពីវិធីបណ្ដុះកូនដើមប្រេងខ្យល់ ដោយអះអាងថា ដំបូងគេត្រូវយកគ្រាប់របស់វា ដែលបេះពីលើដើម យកមកហាលថ្ងៃរយៈពេល ១ថ្ងៃ ទៅ២ថ្ងៃសិន ទើបយកគ្រាប់ទាំងនោះទៅស្រុះទឹកក្តៅ។ បន្ទាប់មកយកទៅត្រាំទឹកទុករយៈពេល២យប់ ទើបយកទៅព្រួសនៅលើថ្នាលសម្រាប់បណ្ដុះកូនដើមប្រេងខ្យល់ ដែលធ្វើដីទុករួចជាស្រេចនោះ។
នៅពេលដែលកូនដើមប្រេង ខ្យល់មានអាយុបាន១ខែ គេដកវាយកទៅស្ទូងនៅក្នុងកាទោងកូនថង់ប្លាស្ទិច ដោយទុករយៈពេល១ខែទៀត ឱ្យកូនប្រេងខ្យល់មានកម្ពស់២តឹក ទៅ២តឹកកន្លះ ទើបអាចយកទៅលក់ឲ្យអតិថិជនដើម្បីយកទៅដាំបន្តបាន។

ឆ្លៀតឱកាសនេះផងដែរ ស្ត្រីរូបនេះ ក៏បានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស បើត្រូវការដើមប្រេងខ្យល់សម្រាប់យកទៅដាំ អាចមកជាវពីគាត់ដោយផ្ទាល់ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានលេខទូរសព្ទ ០១២ ៨៨ ១៧ ៨៦។

គួរបញ្ជាក់ថា ដើមប្រេងខ្យល់នេះងាយស្រួលក្នុងការដាំណាស់ វាមិនរើសស្ថានភាពដីនោះទេ ហើយម្យ៉ាងទៀតគោក៏មិនស៉ីដែរ។ គេអាចដាំវាទុកចោល ដោយមិនសូវពិបាកក្នុងការថែទាំច្រើននោះឡើយ។

ដំណាក់កាលដំបូង គេដាំរយៈពេលពី៣ឆ្នាំ ទៅ៤ឆ្នាំ គេអាចកាប់វាយកទៅប្រើប្រាស់បានហើយ។ ឯដំណាក់កាលទី២ បន្ទាប់ពីកាប់វាយកទៅប្រើប្រាស់មួយសារហើយនោះ វានឹងចាប់ផ្ដើមលាស់បំពង់សាជាថ្មី ដោយមួយដើមអាចដុះបំពង់ពី៤ទៅ ៦ បំពង់។ បំពង់ថ្មីលើកទីពីរនេះ គឺមានរយៈពេលតែ ២ឆ្នាំប៉ុណ្ណោះនឹងអាចកាប់ប្រើប្រាស់បានផងដែរ ពោលវាអាចកាប់លាស់ថ្មីៗ រហូតទាល់តែគល់របស់វាចាស់រលួយ ទើបលែងលាស់ត្រួយជាថ្មីបន្តទៀត។

ដើមប្រេងខ្យល់នេះផងដែរ នៅពេលដែលវាល្មមកាប់លក់ក៏មានក្រុមហ៊ុន បានមកម៉ៅទិញដល់ចំការ ដោយសារតែវាមានអត្ថប្រយោជន៍ជាច្រើនយ៉ាង ដូចជាគេអាចយកទៅធ្វើរន្ទាសម្រាប់សាងសង់សំណង់ផ្សេងៗ ចំណែកដើមធំៗអាចយកទៅកែច្នៃ ធ្វើជាគ្រឿងសង្ហារឹម ឬក៏ធ្វើគ្រឿងផ្ទះ និងសំណង់ផ្សេងៗបានយ៉ាងល្អប្រណិត មិនចាញ់ដើមឈើដែលដុះនៅក្នុងព្រៃភ្នំនោះឡើយ។

រីឯផ្នែកឧស្សាហកម្មវិញ គេអាចយកទៅកែច្នៃ នៅក្នុងរោងចក្រ ដើម្បីផលិតជាក្រដាស អនាម័យសម្រាប់ជូតមាត់ ក្តាបន្ទះកុងផ្លាកេ ឱសថបុរាណ ដូចជាប្រេងខ្យល់ ប្រេងកូឡា និងមានអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ៕