(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន២ករណីចុងក្រោយ គឺជាករណីនាំចូល មិនមែនជារលកទី២ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានោះឡើយ។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបទៅនឹងចម្ងល់របស់អ្នកសារព័ត៌មាន និងសាធារណជន នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

បើតាមលោកស្រី ឱ វណ្ណឌីន, រហូតមកដល់ពេលនេះកម្ពុជា នៅតែមានការឆ្លងជំងឺកូវីដ១៩ សរុប ១២៤ ករណីដដែល ដោយមិនទាន់មានករណីឆ្លងថ្មីទៀតនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ដោយក្នុងនោះមានអ្នកជំងឺ១២២នាក់ បានជាសះស្បើយ និង ២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត។

នៅពីរនាក់នោះគឺបុរសម្នាក់បាននាំជំងឺនេះពីប្រទេសម៉ាឡេស៊ី និងស្ត្រីម្នាក់ទៀតនាំចូលជំងឺនេះពីសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណារហូតមកដល់ពេលនេះ កម្ពុជាក៏គ្មានអ្នកជំងឺកូវីដ១៩ ណាម្នាក់ ស្លាប់បាត់បង់ជីវិតនោះទេ។ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល៕