(ភ្នំពេញ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តព្រះវិហារ» នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ហាញអំពីការរីកចម្រើនលើវិស័យផ្លូវ ថ្នល់ នៅទូទាំងខេត្តតំបន់ព្រំដែនមួយនេះ មានការអភិវឌ្ឍជាបន្ដបន្ទាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ។
លោក សំ លាងទ្រី បានអះអាងថា ជាយុទ្ធសាស្ដ្រនាពេលបច្ចុប្បន្ន មន្ទីរសាធារណការខេត្តព្រះវិហារ គ្រប់គ្រងផ្លូវ ថ្នល់ ក្នុងខេត្ដទាំងអស់ប្រវែង៨០០គីឡូម៉ែត្រ ក្នុងនោះមានប្រមាណ៤០០គីឡូម៉ែត្រ ជាផ្លូវកៅស៊ូ (ផ្លូវជាតិ និងផ្លូវខេត្ត)។ បើតាមលោកប្រធានមន្ទីរសាធារណការ ខេត្តបានអភិវឌ្ឍន៍ផ្លូវពីចាក់កៅស៊ូ DBST ទៅជាផ្លូវប្រភេទ AC ខណៈផ្លូវមួយចំនួនក្នុងទីរួមខេត្ត អភិវឌ្ឍន៍ពីផ្លូវកៅស៊ូ ទៅជាផ្លូវចាក់បេតុងសរសៃដែក និងមានលូអមសង្ខាងផ្លូវជាដើម។
អ្វីដែលជាទិសដៅបន្ដសម្រាប់ពេលខាងមុខ លោក សំ លាងទ្រី បានគូសបញ្ជាក់ថា ខេត្តនឹងអភិវឌ្ឍន៍ផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ហើយផ្លូវក្រាលកៅស៊ូដែលហួសអាយុកាល គឺត្រូវពង្រឹងទៅជាផ្លូវបេតុងសរសៃដែក ឬផ្លូវចាក់កៅស៊ូ AC។ ដោយឡែក ផ្លូវដែលនៅសេសសល់ទាំងប៉ុន្មាន ខេត្តនឹងធ្វើការថែទាំ ជួសជុលជាប្រចាំ ដោយមិនឲ្យមានក្រឡុកសំបុកមាន់នោះទេ។
លោក សំ លាងទ្រី បានសង្កត់ធ្ងន់ថា ក្នុងខេត្តព្រះវិហារ ផ្លូវ ថ្នល់ដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូន គឺរហូតមកដល់ពេលបច្ចុប្បន្ននេះ មិនមានក្រឡុកសំបុកមាន់ទៀតនោះទេ បើទោះបីផ្លូវខ្លះមិនស្អាតដូចផ្លូវស្ថាបនាថ្មីក៏ដោយ។ លោកថា មន្ទីរមានក្រុមការងារចំនួន៦ក្រុម កំពុងធ្វើសកម្មភាពនៅតាមដងផ្លូវ ដើម្បីពិនិត្យ និងជួសជុលលើករណីនេះ៕