(ភ្នំពេញ)៖ លោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យបន្លែ ក្រសួងពាណិជ្ជកម្ម ដែលដឹកនាំប្រតិបត្តិគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានបង្កើតចង្កោមកសិករផលិតបន្លែសុវត្ថិភាព តាមខេត្តគោលដៅចំនួន១៨ ដើម្បីតភ្ជាប់ទីផ្សារ និងសម្របសម្រួលភាពជាដៃគូ វិស័យសាធារណៈ-ឯកជន ដើម្បីលើកកម្ពស់ផលិតភាព និងផលចំណេញលើវិស័យបន្លែ។
ការលើកឡើងរបស់លោក ប៉ាវ ហេងតារា ធ្វើឡើងក្នុងឱកាសដែលលោកធ្វើជាតំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា រវាងគម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី (K.C.C.V PLANTATION CO., LTD) ស្តីពីអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លែសុវត្ថិភាព នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ។
ពិធីចុះហត្ថលេខានេះ អញ្ជើញចូលរួមដោយ លោក វ៉ា រុតសាន ប្រធានទីប្រឹក្សានៃក្រសួងពាណិជ្ជកម្ម លោក ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដៃគូរអភិវឌ្ឍន៍ ក្រុមកសិករ ផលិតបន្លែសុវត្ថិភាព ព្រមទាំងក្រុមការងារគម្រោងជាច្រើនរូប។
លោករដ្ឋលេខាធិការ ប៉ាវ ហេងតារា បានលើកឡើងថា អនុស្សារណៈយោគយល់គ្នា នឹងបង្កើនកិច្ចសហការគ្នាកាន់តែស៊ីជម្រៅ រវាងគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច និងផ្សារទំនើប និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លែសុវត្ថិភាព ជាពិសេសជួយសម្របសម្រួល ដល់ក្រុមផលិតបន្លែសុវត្ថិភាពដោយគាំទ្រ ផែនការផលិតបន្លែ និងតភ្ជាប់ទីផ្សារ។
លោករដ្ឋលេខាធិការ បានបន្ថែមទៀតថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ហើយត្រូវបានដឹកនាំប្រតិបត្តិដោយក្រសួងពាណិជ្ជកម្ម និងមានគោលដៅលើកស្ទួយ វិបុលភាពកសិករខ្នាតតូចកម្ពុជា តាមរយៈបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ។
គម្រោងប្រតិបត្តិការនៅ ១៨ខេត្ត និងអន្តរាគមលើខ្សែច្រវាក់តម្លៃទំនិញពាណិជ្ជចំនួន៥ ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ។
លើសពីនេះ គម្រោងសម្របសម្រួលវេទិកាពហុភាគីពាក់ព័ន្ធជាមួយតួអង្គខ្សែច្រវាក់តម្លៃបន្លែ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ ដូចជា បច្ចេកទេសដាំដុះ ការធ្វើផែនការហិរញ្ញវត្ថុនិងអាជីវកម្ម ប្រព័ន្ធស្រោចស្រព ឥណទាន និងទីផ្សារ។
ថ្មីៗនេះ គម្រោងបានសហការជាមួយក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី ដែលបង្កើតផ្សារទំនើបនៅរាជធានីដើម្បីភ្ជាប់ ក្រុមកសិករផលិតបន្លែសុវត្ថិភាព ពីសហគមន៍ផលិតផ្ទាល់មកដល់រាជធានីភ្នំពេញ។
គួរកត់សម្គាល់ថា គោលដៅសំខាន់ៗនៃអនុស្សារណៈយោគយល់គ្នានេះ រួមមាន កំណត់រកឱកាសសម្រាប់សកម្មភាពរួមគ្នា និងធ្វើជាដៃគូរយុទ្ធសាស្រ្តសម្រាប់ដោះស្រាយបញ្ហាប្រឈមក្នុងបរិបទនៃផលិតកម្មកសិ-ពាណិជ្ជកម្ម និងបញ្ហាទីផ្សារ និងលើកកម្ពស់មុខទំនិញ / ផលិតផលកសិ-ពាណិជ្ជកម្មនៅមូលដ្ឋានតាមរយៈប្រព័ន្ធទីផ្សារទំនើប និងការតភ្ជាប់ទីផ្សារ ដើម្បីគាំទ្រដល់កសិករផលិតនៅមូលដ្ឋាន៕
ពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ស្តីពីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លៃសុវត្ថិភាព
ពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ស្តីពីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លៃសុវត្ថិភាព