(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដោយមានការចូលរួមពីលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងសមាជិកក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រី អភិបាលរងខណ្ឌ ប្រធានការិយាល័យ មន្ដ្រីរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យនៃការជួសជុល (រៀបការ៉ូឡាថ្មី) និងលាបថ្នាំរបងវិទ្យាល័យ ជា ស៊ីម បឹងកេងកង ដែលស្ថិតតាមបណ្តោយផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីងាយស្រួលដល់អ្នកថ្មើរជើងធ្វើដំណើរ និងបង្កើននូវសោភណ្ឌភាពស្រស់ស្អាត នៃរាជធានីភ្នំពេញនាសព្វថ្ងៃនេះផងដែរ។
ក្រោយពីធ្វើការកែលម្អររបងសាលា និងចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងប្រើប្រាស់ក្នុងការធ្វើដំណើរហើយនោះ អាជ្ញាធរខណ្ណបឹងកេងកង សូមអំពាវនាវទៅដល់បងប្អូនប្រជាជនក៏ដូចអ្នកដំណើរទូទៅ សូមចូលរួមមើលថែទាំទាំងអស់គ្នា ទុកជាប្រយោជន៍សាធារណៈដោយមិនត្រូវបោះចោលសំរាម ឬកាកសំណល់អ្វីផ្សេងៗពាសវាលពាសកាល មកលើចិញ្ចើមផ្លូវដែលសម្រាប់អ្នកថ្មើរជើងគាត់ប្រើប្រាស់នៅទីនោះឡើយ ហើយម៉្យាងទៀតវាធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសោភ័ណ្ឌភាពនៃរាជធានីភ្នំពេញផងដែរ ពោលគឺចូលរួមមើលថែទាំទាំងអស់គ្នា។
ប្រជាពលរដ្ឋរស់នៅក្បែរនោះ និងអ្នកដំណើរគឺពួកគាត់មានការគាំទ្រមកលើអាជ្ញាធរខណ្ឌបឹងកេងកង ក្រោមការដឹកនាំរបស់លោក ធឹម សំអាន ដែលបានកែលម្អ ដោយរៀបការ៉ូឡាជាថ្មី និងលាបថ្នាំរបងសាលា មើលទៅឡើងថ្មីស្រឡាងដោយបង្កើន នូវសោភ័ណ្ឌភាពថែមមួយកំរិតទៀត សម្រាប់អ្នកថ្មើរជើងប្រើប្រាស់ និងអ្នករស់នៅក្បែរៗទីនោះ មកអង្គុយលេង ឬដើរហាត់ប្រាណ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធផងដែរ៕