(ត្បូងឃ្មុំ)៖ ដោយមើលឃើញពីទុក្ខលំបាក របស់បងប្អូនកងរាជអាវុធហត្ថ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ទកាល័យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួលមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ និងក្រុមការងារការិយាល័យបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថជាង ៣០លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសពលោកវរសេនីយ៍ត្រី សេង ណារិន ជំនួយការការិយាល័យបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលទើបតែទទួលមរណៈភាពនាពេលថ្មីៗនេះ ដោយរោគាពាធ។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះរបស់នាយឧត្តមសេនីយ៍ សៅ សុខា ទៅកាន់ក្រុមគ្រួសារសព និងបានសម្តែងនូវការសោកស្តាយ អាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់ លោកវរសេនីយ៍ត្រី សេង ណារិន ពីជួរអង្គភាពកងរាជអាវុធហត្ថ និងសូមវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី សេង ណារិន សូមបានសោយសុខ ក្នុងសគតិភព កុំបីឃ្លាងឃ្លាតឡើយ។
ជាចុងក្រោយ លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត ក៏បានបញ្ជាក់បន្ថែម នូវប្រសាន៍ក្រើនរំលឹក របស់នាយឧត្តមសេនីយ៍ សៅ សុខា ទៅកាន់ក្រុមគ្រួសារសព សូមបន្តថែរក្សាសុខភាព ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តតាមវិធីសាស្ត្រ ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនកុំអោយឆ្លងជំងឺផ្សេងៗ ជាពិសេស គឺជំងឺកូវីដ១៩៕