(បន្ទាយមានជ័យ)៖ អំណោយគ្រឿងឧបភោគបរិភោគ មានអង្ករ ២០គីឡូក្រាម មានមី ទឹកស៉ីអ៉ីវ ទឹកត្រី ទឹកសុទ្ធ ដែលជាអំណោយរបស់លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកស្រី ម៉ៅ ម៉ាល័យ ត្រូវបានចែកជូនដល់ពលរដ្ឋក្រីក្រ ជួបការលំបាក ចាស់ជរា ចំនួន៣៥គ្រួសារ មកពីចំនួន៩ភូមិ ក្នុងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ការនាំយកអំណោយចែកជូននេះ បានធ្វេីឡើងនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅវត្តស្រះរាំង ក្រោមអធិបតីភាពលោក លី សារី អភិបាលរងខេត្ត តំណាងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនា លោកអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋានផងដែរ។

នាឱកាសនោះលោក លី សារី បានថ្លែងថា ដោយមេីលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ មានការខ្វះខាត ពិសេសទទួលរងគ្រោះដោយសារវិបត្តិកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានចាត់ក្រុមការងារនាំយកអំណោយចុះចែកជូនដល់ពលរដ្ឋនៅមូលដ្ឋាន ដើម្បីដោះស្រាយបានមួយគ្រា និងបានជំរុញឲ្យប្រជាពលរដ្ឋ ឲ្យនាំគ្នាដាំដុះបន្លែ ចិញ្ចឹម សត្វ ដើម្បីផ្គតផ្គង់ជីវភាពគ្រួសារ។

លោកបន្តថា ថ្នាក់ដឹកនាំតែងតែចាត់ក្រុមការងារចុះមូលដ្ឋានជាប្រចាំ ដើម្បីដឹងពីសុខទុក្ខពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា ដោយមិនឲ្យអ្នកណាម្នាក់រងទុក្ខវេទនា ដោយសារអត់អាហារឡើយ។ ក្នុងដំណាក់កាលនៃការរាតត្បាត់កូវីដ-១៩ រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ដែលជាសេនាធិការ បានដាក់ចេញនូវធានយ៉ាងតឹងរឹង ក្នុងការទប់ស្កាត់ការរីករាលដាលពីកូវីដ-១៩ ដែលកំពុងរាលត្បាតពេញពិភពលោក និងកម្ពុជាផងដែរ ដោយឲ្យអនុវត្តវិធានការអនាម័យ លាងសម្អាតដៃជាមួយសាប៊ូ ទឹកស្អាត អាល់កុល ពាក់ម៉ាស ពេលចេញទៅក្រៅដើម្បីការពារពីការចម្លងមេរោគផ្សេង ពិសេសកូវីដ-១៩។

ទន្ទឹមនឹងនោះ លោក លី សារី បានលើកឡើងថា «កូវីដ-១៩ ថ្វីបេីបានរករកឃើញជាបន្តបន្ទាប និងមានអ្នកជាសះស្បេីយ ក៏កម្ពុជាមិនទាន់មានករណីស្លាប់ដូចបណ្តាប្រទេសជិតខាងឡើយ។ តែអ្វីដែលយេីងគួរឲ្យខ្លាចនោះគឺ គ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកេីតមាន បណ្តាលឲ្យបាត់បង់ជីវិត មនុស្ស ដោយបានបន្សល់ ទុក្ខនូវស្រ្តីមេម៉ាយ កុមារកំព្រា និងជនពិការភាពជាដេីម»។

លោកបានអំពាវនាវពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ចាប់ខ្ជួន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលតែងតែកេីត ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន «ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»៕