(ភ្នំពេញ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ហាញនូវសមិទ្ធផល និងទិសដៅការងារបន្ដរបស់ រដ្ឋបាលខេត្តកំពង់ធំ តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ធំ»។

ខេត្តកំពង់ធំ ស្ថិតនៅកណ្តាលនៃប្រទេសកម្ពុជា មានចម្ងាយ១៦៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងសៀមរាប ចែកជាក្រុង០១ ស្រុក០៨ ឃុំ៧៣ សង្កាត់០៨ ភូមិ៧៦៧ ដែលមានប្រជាពលរដ្ឋចំនួន ១៧៤,៦៥១គ្រួសារ ស្មើនឹង៨០៤,៤០៩នាក់ ស្រី៤០៧,៩៨៩នាក់ ដង់ស៊ីតេប្រជាពលរដ្ឋ ៥៣នាក់/គីឡូម៉ែត្រការ៉េ។

លោក សុខ លូ បានរៀបរាប់ថា ដំណាំស្រូវខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្រូវមានសរុបចំនួន ២៩០,៣៤៥ហិចតា ក្នុងនោះស្រូវប្រាំងសរុបចំនួន ៦៥,៤៥៥ហិចតា ផ្ទៃដីប្រមូលផលសរុបចំនួន ២៨៦,៩៦២ហិចតា បរិមាណផលសរុបចំនួន៨៦៩,៧០៧តោន ទិន្នផលជាមធ្យម ៣តោន/ហិកតា។ ជារួមតុល្យភាពស្បៀងប្រចាំឆ្នាំ ២០១៩ ក្រោយកាត់ទុក១៣% សម្រាប់ធ្វើពូជ ចំណីសត្វ និងសម្រាប់តម្រូវការហូបចុកក្នុងខេត្ត នៅសល់ស្រូវចំនួន ៥៨២,៦២០តោន គិតជាអង្ករស្មើនឹង ៣៧២,៨៧៧តោ។

កៅស៊ូ ផ្ទៃដីដាំដុះសរុបចំនួន ៧០,២៣៥.៧ហិចតា (កៅស៊ូក្រុមហ៊ុន ចំនួន ៦១,៦៧២.៤៩ហិចតា និងកៅស៊ូគ្រួសារ ៨,៥៦៣.២១ហិចតា) ផ្ទៃដីចៀជ័រសរុបចំនួន ៤៥,៧៩៣.៦៥ ហិចតា (ក្រុមហ៊ុន ៤០,៧៦២.៦៥ហិចតា និងគ្រួសារ ៥,០៣១ហិចតា) ដោយស្រូបយកម្លាំងពលកម្មសរុបចំនួន ៥,៧១៥នាក់ និងមានតម្រូវការបន្ថែម ចំនួន ១,២៩៤នាក់។ ជាមួយគ្នានេះ ខេត្តកំពង់ធំ មានរោងចក្រកែច្នៃជ័រកៅស៊ូចំនួន ០៤ ក្នុងចំណោម ផែនការសាងសង់ចំនួន០៧។

វិស័យធនធានទឹក និងឧតុនិយម៖ ខេត្តមានប្រព័ន្ធធារាសាស្រ្តចំនួន ២៦១ (បានស្តារ ជួសជុល កែលម្អ និងសាងសង់ ថ្មីចំនួន ៦៧កន្លែង) ដែលអាចស្រោចស្រពលើផ្ទៃដីកសិកម្មបាន៖ ស្រូវវស្សា ១៣៣,១៦៩ហិចតា ស្មើនឹង ៦២ភាគរយ, ស្រូវប្រាំង ២៥,០៩៦ហិចតា ស្មើនឹង៦៣%។ ប្រភពទឹកសំខាន់ៗ មាន៖ ស្ទឹងសែនហូរកាត់ខេត្តកំពង់ធំប្រវែង ២៦៥គីឡូម៉ែត្រ, ស្ទឹងស្ទោងប្រវែង ១៥៣គីឡូម៉ែត្រ, ស្ទឹងតាំងក្រសាំងប្រវែង ១០៣គីឡូម៉ែត្រ និងស្ទឹងជីនិតប្រវែង ២៩៣គីឡូម៉ែត្រ។

វិស័យទេសចរណ៍៖ ខេត្តកំពង់ធំមានរមណីយដ្ឋានទេសចរណ៍ សំខាន់ៗចំនួន ០៦កន្លែង, រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក, រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទគុកនគរ, រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំសន្ទុក, រមណីយដ្ឋានធម្មជាតិស្ទឹងព្រៃប្រស់, រមណីយដ្ឋានកែច្នៃបឹងសំរឹទ្ធិ
និងរមណីយដ្ឋានកែច្នៃស្ទឹងជីនិត។

នៅក្នុងឆ្នាំ២០១៩ ខេត្តកំពង់ធំ បានទទួលភ្ញៀវទេសចរសរុបចំនួន ៣៧២,០២៧នាក់ ក្នុងនោះ មានភ្ញៀវទេសចរជាតិចំនួន ៣៤៩,៥៣៤នាក់ និងភ្ញៀវទេសចរអន្តរជាតិ ចំនួន២២,៤៣៩នាក់។ ដោយឡែកនៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ មានភ្ញៀវទេសចរមកទស្សនា ខេត្តកំពង់ធំសរុបចំនួន ៣២,៤៥៤នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ២៥,៣៨៧នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៧,០៦៧នាក់។

វិស័យថាមពល៖ ខេត្តមានអនុស្ថានីយអគ្គិសនី ចំនួន០១ ដែលអគ្គិសនីកម្ពុជាបានដាក់ឲ្យដំណើរការ ដោយភ្ជាប់ក្នុងជំហានដំបូងផ្នែកខ្សែបញ្ជូនតង់ស្យុង១១៥KV ពីខេត្តព្រះវិហារ មានអានុភាព ២២MW និងមកពីខេត្តកំពង់ចាម មាន៤MW។ ចំនួនស្ថានីយផលិត និងចែកចាយ ថាមពលអគ្គិសនីទូទាំងខេត្តមាន ២១ស្ថានីយ ក្នុងនោះ បានភ្ជាប់ជាមួយបណ្ដាញជាតិរួចហើយ ចំនួន១៩ស្ថានីយ និងថាមពលអគ្គិសនី ដើរដោយប្រើឌីដ្យេសែលចំនួន ០២ស្ថានីយ។

វិស័យសុខាភិបាល៖ ទូទាំងខេត្តមានមណ្ឌលសុខភាព ចំនួន៥៤ ប៉ុស្តិ៍សុខភាពចំនួន០៤ មន្ទីរពេទ្យ បង្អែកមានចំនួន ០៣កន្លែង ចំនួនគ្រែសរុប ៤១១។ សេវាឯកជន មានដូចជា៖ មន្ទីរព្យាបាល ០៣កន្លែង, បន្ទប់ពិគ្រោះជំងឺ ១៣៤កន្លែង, បន្ទប់ព្យាបាលមាត់ធ្មេញ ១២កន្លែង, បន្ទប់ពិគ្រោះព្យាបាលចក្ខុរោគ ០១បន្ទប់, បន្ទប់ថែទាំជំងឺ ២៣៥បន្ទប់, បន្ទប់ថែទាំស្រ្តី មានផ្ទៃពោះ ៨៨បន្ទប់, ឱសថស្ថាន ៥៩កន្លែង, ឱសថស្ថានរងក ០៤កន្លែង, ឱសថស្ថានរងខ ០៩កន្លែង និងឱសថបូរាណ ០១កន្លែង។

វិស័យអប់រំ យុវជន និងកីឡា៖ គ្រឹះសា្ថនសិក្សារដ្ឋសរុបចំនួន ៧៨៩កន្លែង (មត្តេយ្យ២០៧ បឋមសិក្សា៤៩០ មធ្យមសិក្សា ៩២កន្លែង), គ្រឹះស្ថានមធ្យមសិក្សាឯកជន មាន០៥កន្លែង និងគ្រឹះស្ថានឧត្តមសិក្សាមាន ចំនួន០២កន្លែង ដែលមានគ្រូសរុប១៦៩នាក់, មត្តេយ្យសិក្សាសហគមន៍ នៅក្នុងខេត្ត សរុបមានចំនួន១៩៤កន្លែង ស្មើ១៩៤ថ្នាក់ មានគ្រូសរុបចំនួន១៩៤នាក់, សិស្សសរុបចំនួន ៤,៨២០នាក់ ស្រី២,៦០០នាក់។ គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន បឋមសិក្សាមានចំនួន០១កន្លែង មានគ្រូ បង្រៀនមានចំនួន២៤នាក់ ស្រី០៨នាក់ និងគរុសិស្សសរុបចំនួន១៦០នាក់ ស្រី១១៤នាក់