(ព្រះវិហារ)៖ ផ្ទៃដីសរុប៥៨២ហិកតា នៅភូមិព្យួរជ្រូក ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានចុះកិច្ចព្រមព្រៀង ប្រគល់ជូនសហគមន៍ «ព្រៃពោធិ៍មែកបួន» នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ រវាងសហគមន៍ «ព្រៃពោធិ៍មែកបួន» ជាមួយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីអភិបាលរងស្រុកគូលែន មេឃុំគូលែនជើង មេភូមិព្យួរជ្រូក នាយខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ គណៈកម្មាការគ្រប់គ្រងសហគមន៏ព្រៃឈើ និងតំណាងអង្កការ FAO ជាច្រើនរូបទៀត។

លោក ពឹង ទ្រីដា បានថ្លែងថា សហគមន៍ «ព្រៃឈើពោធិ៍មែកបួន» ដែលបានចុះកិច្ចព្រមព្រៀងនៅពេលនេះមានផ្ទៃដីសរុប ៥៨២ហិកតា មានប្រជាពលរដ្ឋជាសមាជិកចំនួន ១៣២០នាក់ (ស្រី៦៦៥នាក់) ស្ថិតនៅក្នុងភូមិព្យួរជ្រូក ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។

ប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ទៀតថា «គោលបំណង នៃការចុះកិច្ចព្រមព្រៀងនេះ គឺផ្តល់សិទ្ធិស្របច្បាប់ជូនសហគមន៍មូលដ្ឋាន ក្នុងការគ្រប់គ្រងនិងប្រើប្រាស់ធនធានព្រៃឈើប្រកបដោយចីរភាព បង្កើនភាពជឿជាក់ និងលើកទឹកចិត្តដល់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រងព្រៃសហគមន៍ និងជាផ្នែកមួយនៃការចុះបញ្ជីការសម្បត្តិព្រៃឈើអចិន្រ្តៃយ៍ និងបន្តការរៀបចំផែនការ និងអនុវត្តគ្រប់គ្រង ព្រៃសហគមន៍ស្របតាមគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងសហគមន៍ព្រៃឈើ»

លោកបានគូសបញ្ជាក់ថា គិតត្រឹមត្រីមាសទីមួយ ឆ្នាំ២០២០នេះ នៅទូទាំងខេត្តព្រះវិហារ មានសហគមន៍ព្រៃឈើសរុបចំនួន ៤៨កន្លែង មានផ្ទៃដីព្រៃសរុបចំនួន ៧១៣៥០ហិកតា មានប្រជាពលរដ្ឋ ជាសមាជិកចំនួន ៩៨៧២គ្រួសារ ស្នើចំនួនប្រជាជន ៣៥២៥០នាក់ (ស្រី្ត១៧២៥៥នាក់) ស្ថិតក្នុងភូមិគោលដៅចំនួន៤៦ភូមិ ១៨ឃុំ ទូទាំង០៦ស្រុក ក្នុងខេត្តព្រះវិហារ ដោយមានការគាំទ្រ ពីមជ្ឈមណ្ឌលមនុស្ស និងព្រៃឈើ (RECOTFC), អង្កការ PPA និង FAO ផងដែរ៕