(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទាំង១០។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានកត់សម្គាល់ពីវឌ្ឍនភាពល្អប្រសើរនៃការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម។ ជាពិសេសការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗទាក់ទងច្បាប់ដូចជា ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
ក្រៅពីនោះ លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់អនុគណៈកម្មការរៀបចំធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីម្ហូបអាហារ ដែលបានជិតនឹងឈានដល់ដំណាក់កាលបញ្ចប់ក្នុងពេលឆាប់ៗនេះ។
លោករដ្ឋមន្ត្រី និងអង្គប្រជុំទាំងមូលក៏បានស្ដាប់នូវរបាយការណ៍វឌ្ឍនភាពរបស់អនុគណៈកម្មការដទៃទៀត រួមមានអនុគណៈកម្មការទទួលបន្ទុក៖ សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម, ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត, សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា និងច្បាប់ស្ដីពីក្ស័យធន, សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម, សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា និងសេចក្ដីព្រាងច្បាប់ស្ដីពីភ្នាក់ងារពាណិជ្ជកម្ម។
លោករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងផ្ដល់អនុសាសន៍ណែនាំមួយចំនួនជូនដល់អនុគណៈកម្មការទាំងអស់ ដើម្បីអនុវត្ត និងសម្រេចឲ្យបាននូវគោលដៅតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ខ្លួន ក្នុងគោលបំណងអភិវឌ្ឍន៍ប្រព័ន្ធច្បាប់ក្រោមវិស័យពាណិជ្ជកម្មរបស់កម្ពុជាឱ្យកើនឡើង និងមានភាពទំនើបមួយជំហានទៀត ក៏ដូចជាបំពេញកាតព្វកិច្ចការធ្វើកំណែទម្រង់ច្បាប់របស់កម្ពុជានៅក្រោមកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចព្រមព្រៀងដទៃទៀតដែលកម្ពុជាជាហត្ថលេខី៕