(សៀមរាប)៖ ព្រះសុមង្គល សិលាចារ្យអាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្ត សៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បាននិមន្ដចុះទៅដល់វត្តទេពប្រណម ដែលមានទីតាំងនៅក្នុង ក្រុងអង្គធំ ដេីម្បី ពិនិត្យ នូវការរៀបចំសាងសង់ ខឿនជុំវិញព្រះវិហារ និងសំណង់ មួយចំនួនទៀត ដែលកំពុងសាងសង់ដោយគ្មានការអនុញ្ញាត។
ដោយទតឃើញយ៉ាងដូច្នោះ ព្រះគុណម្ចាស់ ជុំ គឹមឡេង បានបិណ្ឌបាតសុំឲ្យគណៈកម្មការអាចារ្យវត្តទេព ប្រណម ផ្អាក ការសាងសង់ទាំងនោះសិន ព្រោះការសាងសង់នេះ អាចធ្វេីឱ្យប៉ះពាល់ដល់ តម្លៃ រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក ដោយរង់ចាំក្រុមការងារជំនាញរបស់អាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងវាយតម្លៃជាមុនសិន។
នៅថ្ងៃ ដដែល នេះ ព្រះអង្គ ក៏ បាននិមន្ត ពិនិត្យ មេីលការសាងសង់រោងឧបោសថាគារ នៅវត្តព្រះឥន្ទទេព ផងដែរ ដែលសាងសង់អំពីឈេី ប្រក់ក្បឿង ក្រោយទទួលបានការរចនាប្លង់ និង ការអនុញ្ញាត ពីអាជ្ញាធរជាតិអប្សរាកន្លងមក។
ព្រះមេគណ ខេត្ត ក៏មានសង្ឃដីកាណែនាំដល់គ្រប់វត្តអារាមទាំងអស់ ដែលស្ថិត នៅក្នុងតំបន់ការពារឧទ្យានអង្គរ មិនត្រូវសាងសង់នូវអ្វីៗទាំងអស់ ដោយពុំមានការអនុញ្ញាត ពីអាជ្ញាធរជាតិអប្សរា ឲ្យសោះ ព្រោះអាចធ្វេីឱ្យប៉ះពាល់ដល់គុណតម្លៃនៃសម្បត្តិបេតិកភណ្ឌ និងជាមរតករបស់ជាតិកម្ពុជា ដែលប្រជាពលរដ្ឋទាំងអស់គ្នាត្រូវការពារ៕