(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប ត្រូវបានប្រកាសតែងតាំងជាអភិបាលខេត្តជំនួសលោក កែន សត្ថា។ ពិធីប្រកាសឲ្យចូលកាន់តំណែងអភិបាលខេត្តជាប់មាត់សមុទ្រនេះ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ខាងមុខ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោក អ៊ឹង វុទ្ធី នាយករដ្ឋបាលសាលាខេត្តកែប នៅថ្ងៃនេះ បានធ្វើលិខិតអញ្ជើញថ្នាក់ដឹកនាំខេត្ត តាមមន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធឲ្យចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងនេះ ដែលប្រព្រឹត្តទៅនៅវេលាម៉ោង ៨ព្រឹកនៅសាលាខេត្ត ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង៕