(ភ្នំពេញ)៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ និងក្រុមហ៊ុន John Hancock នឹងផ្តល់ជូនថ្ងៃឈប់សម្រាកដែលមានឈ្មោះថា «ថ្ងៃដើម្បីថ្លែងអំណរគុណ» ដល់បុគ្គលិករបស់ខ្លួនជាង៣៥ ០០០ នាក់នៅថ្ងៃសុក្រទី១៩ ខែមិថុនា ឆ្នាំ២០២០ ដើម្បីថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់ ក្នុងការបម្រើសេវាកម្មជូនអតិថិជន និងជួយឱ្យអតិថិជនធ្វើការសម្រេចចិត្តកាន់តែងាយស្រួល និងជីវិតកាន់តែល្អប្រសើរ។

លើសពីនេះទៀត ក្រុមហ៊ុននឹងផ្តល់ជូននូវថ្ងៃឈប់សម្រាកចំនួនប្រាំថ្ងៃបន្ថែមទៀតនៅឆ្នាំ ២០២១ ដល់និយោជិតគ្រប់រូប ដើម្បីគាំទ្រផ្នែកសុខុមាលភាពនិយោជិត ក៏ដូចជាលើកទឹកចិត្តឲ្យមានការឈប់សម្រាកឲ្យបានទៀងទាត់ ព្រមទាំងផ្តល់ឱកាសឲ្យនិយោជិតប្រើប្រាស់ថ្ងៃឈប់សម្រាកទាំងនោះ ជំនួសឲ្យថ្ងៃឈប់សម្រាកដែលពួកគាត់ប្រហែលជាមិនបានប្រើប្រាស់ ដោយសារតែស្ថានភាពបច្ចុប្បន្ន។

លោក Roy Gori អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ថ្លែងថា៖ «ខ្ញុំពិតជាមានមោទនភាព និងសូមអរគុណ ចំពោះការបង្ហាញពីការប្តេជ្ញាចិត្តរបស់បុគ្គលិក យើងប្រកបដោយភាពស្វាហាប់ និងការអត់ធ្មត់»

លោកបន្តថា «ខណៈពេលដែលសហគមន៍ជាច្រើនចាប់ផ្តើម បើកដំណើរការអាជីវកម្មឡើងវិញ យើងគួរសន្មតបាន ថាស្ថានភាពទាំងមូលនៅមិនទាន់អាចវិលត្រឡប់ ទៅរកស្ថានភាពដើមធម្មតាវិញដូចអ្វីដែលយើងគិតនោះទេ។ ដូច្នេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្តថែរក្សាខ្លួន និងអនុវត្តទម្លាប់រស់នៅប្រកបដោយសុខភាពល្អ ដែលរួមមានការដកឃ្លាពីការងារដើម្បីឆ្លៀតពេលសម្រាកផងដែរ។ យើងនឹងសម្រេចកិច្ចការនេះទាំងអស់គ្នាជាសកលនៅថ្ងៃសុក្រ ទី ១៩ ខែមិថុនា ឆ្នាំ ២០២០ នេះ»

ទន្ទឹមនឹងការឈប់សម្រាកបន្ថែមនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ និងក្រុមហ៊ុន John Hancock បានចាត់វិធានការ ជាច្រើនក្នុងការជួយគាំទ្រដល់សុខុមាលភាពរបស់និយោជិត និងក្រុមគ្រួសាររបស់ពួកគាត់ដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រឈមនានាដែលពួកគាត់ជួបប្រទះដោយសារជំងឺរាតត្បាតនេះ។

ក្រុមហ៊ុនបានផ្តល់នូវជម្រើសក្នុងការបំពេញការងារប្រកបដោយភាពបត់បែន ម៉ោងសម្រាកបន្ថែមដោយទទួលបានប្រាក់កម្រៃ និងធនធានជំនួយបន្ថែមផ្នែកសុខភាពផ្លូវចិត្តផងដែរ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏មានមោទនភាពផងដែរដែលបានបរិច្ចាគទឹកប្រាក់ចំនួន ២៥ លានដុល្លារជាសកលដើម្បីឆ្លើយតបទៅនឹងជំងឺCOVID-១៩ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួន ដូចជាការផ្តល់ជំនួយដល់អតិថិជនរបស់ខ្លួន ការគាំទ្រដល់និយោជិត និងការគាំទ្រសហគមន៍៕