(កំពង់ធំ)៖ លោក ហាក់ ម៉ូវសេង ប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍ បានចុះចែកអំណោយដល់គ្រួសារងាយរងគ្រោះ ចាស់ជរា ក្រីក្រចំនួន១២គ្រួសារ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងកូវីដ-១៩។

ក្នុងឱកាសនោះដែរ ក៏លោកបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋ និងមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់អត់ស្បៀងស្លាប់នោះទេ។

លោក ហាក់ ម៉ូវសេង បានបន្តថា កាលពីសប្តាហ៍មុនប្រទេសយើងបានព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ បានជាសះស្បើយទាំង១២២នាក់។ ប៉ុន្តែក្នុងសប្តាហ៍នេះយើងក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់មកវិញ។

លោកបានបន្ថែមថា ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នេះគឺកាចសាហាវខ្លាំងណាស់ដែលកំពុងវាយលុកពាសពេញពិភពលោក ដូច្នេះសូមពុកម៉ែ បងប្អូន ត្រូវមានការយល់ដឹង និងប្រុងប្រយ័ត្ន ខ្ពស់ចំពោះជំងឺឆ្លងកូវីដ-១៩ថ្មីនេះ ត្រូវបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អ គឺត្រូវពាក់ម៉ាស ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ, ទឹកអាល់កុលជាដើម។ បើមានការសង្ស័យទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមទូរស័ព្វមកលេខ ១១៥។ កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសទីកន្លែង ដែលមានក្រុមមនុស្សច្រើន សូមស្តាប់តាមការផ្សព្វផ្សាយរបស់អាជ្ញាធរមូលដ្ឋាន និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច។

ជាមួយគ្នានោះដែរ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមខិតខំស្វែងយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់យើង ជាពិសេសកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ និងខិតអប់រំកូនចៅយើង ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើមាននរណាម្នាក់ៗ សង្ស័យពាក់ព័ន្ធបញ្ហាគ្រឿងញៀន សូមរាយការណ៍ទៅអាជ្ញាធរ ភូមិ-ឃុំ ដើម្បីយកពួកគាត់ទៅបន្សាប ឬក៏ព្យាបាល និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត និងជំរុញកូនសិក្សារៀនសូត្រដែលក្រសួងអប់រំបានដាក់កម្មវិធីសិក្សាតាមអនឡាញ។

ក្នុងឱកាសនោះ តែលោកក៏បានចែកជូននូវអំណោយដល់ប្រជាពលរដ្ឋខ្វះខាត លោកតា លោកយាយ ជនចាស់ជរា ជួបការលំបាក ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី មី សាប៊ូ ស្ករ ប៊ីចេង ប្រេងឆា និងថវិកាមួយចំនួនផងដែរ៕