(ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវបានសមត្ថកិច្ចហៅមកសួរនាំ និងបានចេញវីដេអូសុំទោសជាសាធារណៈ ចំពោះការលើកឡើង និងរិះគន់ពេលគាត់មកធ្វើអត្តសញ្ញាណបណ្ណ នៅខណ្ឌសែនសុខ ដោយចោទថា មន្រ្តីនគរបាលមិនបានយកចិត្តទុកដាក់ និងប្រើពាក្យសំដីមិនសមរម្យ តែតាមការពិតការនិយាយបែបនោះជាពលរដ្ឋ ដែលមកធ្វើអត្តសញ្ញាណបណ្ណជាមួយគ្នានោះទេ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ហោះតាម Facebook ថា ក្រោយមានករណីកើតឡើងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងករណីទាក់ទងទៅនឹងស្រ្តីរូបនេះ ដើម្បីធ្វើការសួរនាំ ប៉ុន្តែតាមពិតគាត់មិនមានឯកសារគ្រប់គ្រាន់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ មានបងស្រីម្នាក់ឈ្មោះ ឃិន ស្រីឡុង បានមកធ្វើអត្តសញ្ញាណបណ្ណនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប៉ុន្តែដោយសារបងស្រីមិនមានឯកសារគ្រប់គ្រាន់ ដូច្នេះហើយទើបខាងប៉ុស្តិ៍ឲ្យគាត់ត្រឡប់ទៅវិញ ដើម្បីយកឯកសារឲ្យបានគ្រប់គ្រាន់ ហើយម្យ៉ាងវិញទៀត ដោយសារគាត់មិនបានមើលច្បាស់លាស់គាត់បាននិយាយថា មន្ត្រីប៉ុស្តិ៍បានប្រើប្រាស់សម្តីមិនសមរម្យជាមួយគាត់ តែតាមពិតមិនមែនជាសម្តីរបស់មន្ត្រីនោះទេ គឺជាសម្តីរបស់ប្រជាពលរដ្ឋ ដែលគាត់មកធ្វើអត្តសញ្ញាណបណ្ណនៅទីនោះដែរ។

ដោយបានទទួលព័ត៌មាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាដោយផ្ទាល់ដល់មន្ត្រីប៉ុស្តិ៍ឲ្យអញ្ជើញបងស្រី និងម្តាយក្មេក មកប៉ុស្តិ៍ដើម្បីធ្វើការសម្របសម្រួល ឲ្យម្តាយក្មេកគាត់យល់ព្រមបញ្ចូលឈ្មោះគាត់ក្នុងសៀវភៅស្នាក់នៅ។

ក្រោយពីមានឯកសារគ្រប់គ្រាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល បានរៀបចំធ្វើអត្តសញ្ញាណបណ្ណជូនបងស្រីរួចរាល់ហើយ បច្ចុប្បន្នគាត់បានទទួលយកបង្កាន់ដៃ ដើម្បីរង់ចាំទទួលយកអត្តសញ្ញាណបណ្ណរបស់គាត់តែប៉ុណ្ណោះ។

ជាចុងបញ្ចប់បងស្រី បានសូមទោសដែលមានការយល់ច្រឡំមកសើសមត្ថកិច្ច ហើយសម្តែងភាពរីករាយ និងអរគុណយ៉ាងខ្លាំងដល់លោកអធិការ លោកនាយប៉ុស្តិ៍ និងមន្ត្រីទាំងអស់ដែលបានជួយ សម្របសម្រួល ឲ្យគាត់ទទួលបានឯកសារគ្រប់គ្រាន់ដើម្បីធ្វើអត្តសញ្ញាណបណ្ណបាន៕