(ព្រះវិហារ)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកនៃសមាគមបេសកកម្មដំណឹងល្អ បានសហការជាមួយក្រុមហ៊ុន ប៊ីម៉ារៀលអ៉ីស្ទេត (Bema Real Estate co.Ltd) បានប្រគល់អណ្តូងស្នប់ដល់បញ្ជាការដ្ឋានរថក្រោះ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ រួមមាន៖ ខេត្តព្រះវិហារ ២អណ្តូង ខេត្តបន្ទាយមានជ័យ ៣អណ្តូង និងខេត្តឧត្តមានជ័យ ២អណ្តូង ព្រមទាំងប្រគល់សៀវភៅ ប៊ិច និងថវិកាមួយចំនួនដល់គ្រួសារកងទ័ព។
ពិធីប្រគល់អំណោជាអណ្តូងទឹកនេះ បានធ្វើឡើងនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានយ៉ាងច្រើនផងដែរ។
លោក ខាន់ ខុន បានលើកឡើងថា សមាគមបេសកកម្មដំណឹងល្អបានសហការជាមួយក្រុមហ៊ុន ប៊ីម៉ារៀលអ៊ីស្ទេត (Bema Real Estate co.Ltd) ធ្លាប់បានជួយអណ្តូងទឹក បន្ទប់ទឹកតាមសហគមន៍ ឬសាលារៀន ឆ្លើយតបគ្រោះមហន្តរាយ ជួយកុមារកំព្រា និងកុមារក្រីក្រ ផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រ ផ្តល់អាហារដល់កុមារតាមសហគមន៍ មតេយ្យសហគមន៍ បង្រៀនភាសារអង់គ្លេសជាច្រើន នៅតាមបណ្តាខេត្តមួយចំនួន។
លោកបានបន្តថា ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលតី៦ នៃរដ្ឋសភា ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់យកភាពចាំបាច់ក្នុងការលើកកម្ពស់គុណភាព និងការថែទាំហេដ្ឋារចនាសម្ព័ន្ធជនបទ ការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងការជំរុញការលើកកម្ពស់អនាម័យជនបទជាទិសដៅចម្បងរបស់ខ្លួន សំដៅរួមចំណែកធ្វើឱ្យសម្រេចបាននូវការបន្តជំរុញការអភិវឌ្ឍជនបទឱ្យរស់រវើក ដោយបន្តវិនិយោគលើផ្លូវជនបទ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច ការពង្រីកការគ្របដណ្តប់ការប្រើប្រាស់អគ្គិសនី ការពង្រីកការទទួលបានទឹកស្អាត ការលើកកម្ពស់អនាម័យ ការរៀបចំភូមិ និងលំនៅដ្ឋាន ព្រមទាំងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបន្តអនុវត្តចលនាភូមិ១ ផលិតផល១ និងចលនាភូមិថ្មី។
លោក ខាន់ ខុន បានបន្ថែមទៀតថា ជាការចាំបាច់សម្រាប់ប្រទេសកម្ពុជា ក្នុងការសម្រេចឱ្យបានជោគជ័យ នៅតំបន់ដាច់ឆ្ងាយពីវិស័យទឹកស្អាត និងអនាម័យសកល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងនោះលទ្ធផល នៃវឌ្ឍនភាពជាវិជ្ជមាននៃអនាម័យ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែងផ្ទាល់ របស់រាជរដ្ឋាភិបាល គួបផ្សំនឹងការចូលរួម សហការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលជាមួយដៃគូអភិវឌ្ឍ ក៏ដូចជាផ្នែកពាក់ព័ន្ធផ្សេងៗ រួមទាំងវិស័យឯកជនផងដែរ។
លោកក៏ផ្តាំផ្ញើឱ្យបងប្អូន ជួយថែរក្សានិងការពារ ដើម្បីឱ្យសមិទ្ធផលរបស់យើងថិតថេរនិងគង់វង្ស ហើយបងប្អូនត្រូវមានអនាម័យ ជាពិសេសការលាងសម្អាតដៃជាប្រចាំពេលចេញពីបង្គន់ មុនហូបចំណីអាហារ បរិភោគទឹកស្អាត និងបន្ទោសបង់ក្នុងបង្គន់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងកូវីដ-១៩ថ្មីនេះ ត្រូវបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អ គឺត្រូវពាក់ម៉ាស ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ, ទឹកអាល់កុលជាដើម។
ក្នុងនោះផងដែរ លោកក៏បានលើកឡើងអំពីការយក ចឹត្តទុកដាក់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត អំពីសុខទុក្ខបងប្អូន ជាពិសេសសុខភាព ព្រោះថាបើសិនសុខភាពមិនល្អធ្វើឱ្យបងប្អូនខាតពេលប្រកបការងារ និងធ្វើឱ្យជីវភាពមានការលំបាក៕