(ត្បូងឃុំ)៖ គិតមកដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីឥណទានពិសេស របស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារ របស់កសិករ ក្រុមសហគ្រាសធុនតូច និងមធ្យម បានចំនួន២៦០ពាក្យហើយ ដែលមានទំហំឥណទាន បានស្នើសុំប្រមាណ២៥លានដុល្លារសហរដ្ឋអាមេរិក។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះផ្សព្វផ្សាយគោលការណ៍ ឥណទានពិសេស របស់រាជរដ្ឋាភិបាល ចំនួន៥០លានដុល្លារអាមេរិក និងអំពីនិតីវិធីទទួលបានឥណទាន ដែលរាជរដ្ឋាភិបាល បានទំលាក់តាមរយៈធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ធ្វើការផ្តល់ជូន ដល់បងប្អូនប្រជាកសិករ ក្នុងខេត្តត្បូងឃ្មុំ។
ពិធីខាងលើនេះ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។
បងប្អូនប្រជាកសិករ មានដូចជា ដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមត្រី សត្វ មាន់ ទា និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឲ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឲ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើត ការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA ជាដើម។
ទន្ទឹមនេះ លោក កៅ ថាច បន្តផ្សព្វផ្សាយពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយពង្រីកវិសាលភាពគ្របដណ្តប់ និងការកែសម្រួលលក្ខមួយចំនួនផងដែរ។
លោក កៅ ថាច បន្តលើកទឹកចិត្តដល់បងប្អូនកសិករ ឲ្យបន្តបង្កើនការផលិតប្រកបដោយគុណភាព និងមានស្តង់ដារ និងរៀបចំផែនការក្នុងការដាំដុះ ឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងរកទីផ្សារ និងចៀសវាងការដាំដុះច្រើនលើសតម្រូវការ ដែលជាដើមហេតុធ្វើឲ្យតំលៃធ្លាក់ចុះ។ ដោយឡែក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមខ្លួនជានិច្ចក្នុងការទំលាក់ឥណទានគ្រប់ពេលវេលា សម្រាប់ជួយដល់បងប្អូនដែលមានគុណវុឌ្ឍន៍គ្រប់គ្រាន់ និងបំពេញបានតាមលក្ខខណ្ឌរបស់ធនាគារ។
ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច ក៏បានដោះស្រាយនូវចម្ងល់ផ្សេងៗ ដែលបងប្អូនបានសួរមកកាន់លោក និងបានបំភ្លើជូនដល់បងប្អូនយ៉ាងផុសផុល និងមានភាពស្និតស្នាល។
សូមបញ្ជាក់ថា លោក កៅ ថាច និងសហការី បានចុះផ្សព្វផ្សាយគោលការណ៍ឥណទានពិសេសចំនួន៥០លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាល បានចំនួន ៨ខេត្តរួចមកហើយ និងមានអ្នកចូលរួមសរុបចំនួនប្រមាណជាង១,០០០នាក់៕