(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់នាំក្រសួងពាណិជ្ជកម្ម និងដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៅយប់រំលងអាធ្រាត្រវេលាម៉ោង០១៖៣០នាទី ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូលបង្គាក្លាសេ មានចាក់បញ្ចូលចាហ៊ួយបន្ថែម ដើម្បីបង្កើនទម្ងន់ ធ្វើឲ្យខាត់បង់ប្រយោជន៍អ្នកប្រើប្រាស់ និងអាចប៉ះពាល់ដល់សុខភាព។
កិច្ចប្រតិបត្តិការនេះ អគ្គនាយកដ្ឋាន ក.ប.ប បានស្នើសុំកិច្ចសហការពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រចំនួន ៣គ្រឿង។
រថយន្ត១គ្រឿង ស្ទាក់ចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងទឹកដីខណ្ឌកំបូល និងរថយន្តចំនួន ២គ្រឿងទៀត ស្ទាក់ចាប់បាននៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងទឹកដីខណ្ឌដង្កោ។ ភ្លាមៗនោះ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប បានធ្វើតេស្តបឋមលើបង្គារក្លាសេ ដែលមានផ្ទុកក្នុងឡានទាំង ០៣គ្រឿងខាងលើ នឹងបានរកឃើញមានការចាក់បញ្ជូលបន្ថែម ចាហ៊ួយពិតប្រាកដមែន។
តាមការអះអាងបឋម ពីអ្នកបើកបររថយន្តដឹកទំនិញ ទាំង៣គ្រឿងនេះ បានឲ្យដឹងថា ទំនិញគ្រឿងសមុទ្រទាំងនេះ រួមមាន៖ បង្គាក្លាសេ ក្តាម និងម៉ឹកក្លាសេ សរុប៤៤៩កេស បរិមាណប្រហែល ១១តោន មានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាក និងពុំមានឯកសារភ្ជាប់មកជាមួយទេ។
សូមបញ្ជាក់ផងដែរ ដោយមានការឯកភាព ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រថយន្ត និងវត្ថុតាង ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។
តាមការបញ្ជាក់ របស់អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តតួនាទីភារកិច្ច ដែលច្បាប់បានផ្តល់អាណត្តិ ឲ្យពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព ទំនិញ និងសេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មាន ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវា៕