(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានទទួលថវិកាឧបត្ថម្ភចំនួន ១៥៥,០០០ដុល្លារ ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រើប្រាស់សម្រាប់ទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ១៩។
ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសម្តែងការថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពាះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានជួយឧបត្ថម្ភគាំទ្រថវិកា ប្រើប្រាស់សម្រាប់ទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ១៩។
នេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ សម្រាប់ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩ ឲ្យបានកាន់តែឆាប់រហ័ស។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា ជំនួយមនុស្សធម៌នេះ មិនត្រឹមតែចូលរួមចំណែកពង្រឹងសមត្ថភាព ឆ្លើយតបបន្ទាន់ចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាត នៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនផងដែរ៕