(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ប្រាប់ដល់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងធ្វើដំណើរចូលមកប្រទេសម៉ាឡេស៊ី អំពីលក្ខខណ្ឌតម្រូវមួយចំនួន ដែលរដ្ឋាភិបាលម៉ាឡេស៊ីបានកំណន់។
សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលម៉ាឡេស៊ីនឹងអនុវត្តនីតិវិធីដូចខាងក្រោម៖
១៖ សុំការអនុញ្ញាតយល់ព្រមឱ្យចូលប្រទេសម៉ាឡេស៊ីជាមុន ពីស្ថានទូតម៉ាឡេស៊ី នៅតាមប្រទេសនីមួយៗ យ៉ាងតិចរយៈពេល០៣ថ្ងៃ មុនការចេញដំណើរ។
២៖ បង្ហាញលិខិតយល់ព្រមខាងលើ ដល់ក្រុមហ៊ុនអាកាសចរណ៍ ឬក្រុមហ៊ុនដឹកជញ្ជូនសាធារណៈ និងមន្ត្រីអន្តោប្រវេសន៍ម៉ាឡេស៊ី។
៣៖ ពេលមកដល់ច្រកចូលអន្តរជាតិ របស់ប្រទេសម៉ាឡេស៊ី អ្នកដំណើរទាំងអស់នឹងត្រូវត្រួតពិនិត្យ តាមច្បាប់អន្តោប្រវេសន៍ និងត្រួតពិនិត្យសុខភាពរកជំងឺកូវីដ១៩។
- ក្នុងករណី មានជំងឺកូវីដ១៩ អ្នកដំណើរនោះនឹងត្រូវបញ្ជូន ទៅព្យាបាលនៅតាមមន្ទីរពេទ្យ ដែលរៀបចំដោយរដ្ឋាភិបាលម៉ាឡេស៊ី។
- ក្នុងករណី មិនមានជំងឺកូវីដ១៩ អ្នកដំណើរនឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីកន្លែង ឬសណ្ឋាគារដែលរៀបចំ ដោយរដ្ឋាភិបាលម៉ាឡេស៊ី ដោយត្រូវបង់ទៅតាមតម្លៃជាក់ស្តែង ដែលកំណត់ដោយរដ្ឋាភិបាលម៉ាឡេស៊ី ជាមួយសណ្ឋាគារ (ចាប់ពី១៥០រីងហ្គីត/ថ្ងៃ)។
៤៖ ចំពោះជនបរទេស ដែលមានប្រភេទទិដ្ឋាការផ្ទះទី២ (Malaysia My Second Home - MM2H) ត្រូវការអនុញ្ញាតយល់ព្រម ឱ្យចូលប្រទេសម៉ាឡេស៊ីជាមុន ពីនាយកដ្ឋានអន្តោប្រវេសន៍ ម៉ាឡេស៊ី តាមអីម៉ែល: [email protected] និង [email protected]៕