(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យពង្រឹង ការអនុវត្តច្បាប់ និងដោះស្រាយបញ្ហាប្រឈមនានា រវាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីនគរបាលយុត្តិធម៌។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ, ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា, ឧត្តមសេនីយ៍ឯក អ៊ី សុខឃី តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក អន សុខន តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឧត្តមសេនីយ៍ឯក ជា សារិន តំណាងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោកព្រះរាជអាជ្ញាររង ប្រធាន អនុប្រធាននាយកដ្ឋាន លោកស្នងការរង អធិការ អធិការរង មេបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌទាំង១៤ តំណាងសាលាខណ្ឌ តំណាងមន្ទីរសង្គមកិច្ច និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ លោក កែវ សុធា ក៏បានចូលមតិយោបល់ជាច្រើនដល់អង្គប្រជុំ ដើម្បីចូលរួមសហការគ្នា ក្នុងការជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន ជាពិសេស ត្រូវចូលរួមយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ត្រូវដាក់ទោសឲ្យធ្ងន់ធ្ងរ ដល់អ្នកជួញដូរសារធាតុញៀនដោយខុសច្បាប់ ហើយមិនអនុញ្ញាតឲ្យនៅក្រៅឃុំឡើយ ក៏ដូចជាដាក់ទោសឲ្យធ្ងន់ធ្ងរ ចំពោះជនដែលបង្កបទល្មើសឆក់ ជាទោសឧក្រិដ្ឋ។ ម្យ៉ាងវិញទៀតចំពោះករណីបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យស្លាប់ គឺត្រូវរៀបចំសំណុំរឿងបញ្ជូនទៅជំរះដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ មិនត្រូវលើកលែងឡើយ។
សមាជិកនៃអង្គប្រជុំ ក៏មានមតិយោបល់ចូលរួម និងមានសំណួរល្អៗជាច្រើនពាក់ព័ន្ធ ទៅនឹងប្រធានបទ នៃកិច្ចប្រជុំនេះផងដែរ។
ជាមួយនោះដែរ ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ដល់អង្គពិធី និងសរសើរដល់ការសហការគ្នា បានយ៉ាងល្អរវាងសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការអនុវត្តច្បាប់ក្នុងគោលបំណង បម្រើដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកស្នងការ ក៏បានបញ្ជាក់ថែម ឲ្យសាលាដំបូងរាជធានីភ្នំពេញ ជាពិសេសលោកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងក្នុងជួយសហការ ឲ្យមានការពន្លឿន ក្នុងការចេញដីការលើបទល្មើសឧក្រិដ្ឋធំៗ ឲ្យបានលឿន ដើម្បីងាយស្រួល ដល់សមត្ថកិច្ចក្នុងការ យកទៅអនុវត្តឲ្យបានទាន់ពេលវេលា។
ជាកិច្ចបញ្ចប់ លោក កែវ សុធា បានកោតសរសើរ និងអរគុណ ដល់សមាជិកអង្គប្រជុំទាំងអស់ ដែលបានចូលរួមសហការគ្នា បានយ៉ាងល្អនាពេលកន្លងមក និងសូមឲ្យមានការសហការ ឲ្យកាន់តែប្រសើរថែមទៀត៕