(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលព័ត៌មានមួយ ដែលបានផ្សាយថា «ចោរលួចម៉ូតូ ខំរត់ទៅប្តឹងនគរបាលទំនប់ទឹកភ្លាមៗដែរ តែត្រូវរង់ចាំមេប៉ុស្តិ៍ភ្ញាក់ពីដេកសិន»។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយ និងបដិសេធទាំងស្រុងចំពោះសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយថា នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ឈានចូលថ្ងៃទី២៨ ម៉ោង ០២និង៣០នាទី មានសន្តិសុខយាមនៅសណ្ឋាគារ ហ្គ្រេនឌូក បានបាត់ម៉ូតូ ហើយបានទៅរកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដោយថាមិនបានជួប និងមិនឃើញមានប៉ូលិសប្រចាំការ។
តាមពិតនៅយប់ថ្ងៃកើតហេតុមានមន្ត្រីចំនួន ៩រូប ប្រចាំការនៅប៉ុស្តិ៍ រួមមាន លោកមេប៉ុស្តិ៍ផងដែរ។ ជាក់ស្តែង នៅយប់នោះមានទាំងមន្ត្រីចេញល្បាត និងមន្ត្រីប្រចាំការនៅក្នុងប៉ុស្តិ៍ ហើយពេលកើតហេតុភ្លាម ជនរងគ្រោះបានទៅប៉ុស្តិ៍ប្តឹង ប៉ុន្តែគាត់មិនបានចូលទៅទេ គាត់បានស្រែកហៅពីក្រៅរបងប៉ុស្តិ៍ ស្របពេលដែលរបងប៉ុស្តិ៍បើកទ្វារ និងមន្ត្រីប៉ុស្តិ៍ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ។
លុះដល់ម៉ោង ០៤៖០០នាទី ជនរងគ្រោះបានមកប៉ុស្តិ៍ម្តងទៀត ដោយមានអ្នកសារព័ត៌មានជូនមក ហើយបានចូលដល់ក្នុងប៉ុស្តិ៍ស្រែកហៅ ទើបលោកនាយប៉ុស្តិ៍ឮ ក៏បានចេញមកជួប នឹងបានធ្វើការសាកសួរដឹងរឿងហេតុ រួចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះពេលនោះភ្លាម។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសំណូមសូមចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត និងទប់ស្កាត់រាល់ព័ត៌មានមិនពិតផងដែរ៕