(កែប)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានប្រាប់អភិបាលថ្មីខេត្តកែប លោក សោម ពិសិដ្ឋ និងប្រធាន ក្រុមប្រឹក្សាខេត្ត ត្រូវរួមសហការគ្នាដឹកនាំមន្ដ្រី ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍខេត្ត ជាពិសេសវិស័យទេសចរណ៍ ដែលជាវិស័យស្នួលមួយដ៏សំខាន់។
ការជំរុញរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងក្នុងឱកាសប្រកាសចូលកាន់តំណែងអភិបាលខេត្តកែបថ្មី លោក សោម ពិសិដ្ឋ ជំនួសលោក កែន សត្ថា ដែលត្រូវផ្ទេរទៅជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ដ្រី និងលោក វ៉ៅ សុខា ជាអភិបាលរងខេត្ត ជំនួសកន្លែងលោក សោម ពិសិដ្ឋ។ ពិធីនេះត្រូវបានធ្វើឡើងនៅ សាលប្រជុំសាលាខេត្តកែប។
ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាបច្ចុប្បន្ន មានសន្តិភាពពេញលេញ ប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងជាលំដាប់ និងគ្មានការភ័យព្រួយរឿងសង្គ្រាមទៀតទេ។ រាជរដ្ឋាភិបាលបានផ្តោតសំខាន់លើល្បឿន នៃការអភិវឌ្ឍប្រទេស ដូច្នេះសូមឲ្យមន្ត្រីថ្នាក់ដឹកនាំទាំងអស់សហការគ្នា រួមគ្នាគិត រួមគ្នាធ្វើ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់រៀងៗខ្លួន ដើម្បីឆ្លើយតបតាមតម្រូវការ របស់ប្រជាពលរដ្ឋ។
ដោយឡែកសម្រាប់ខេត្តកែប សម្តេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំខេត្ត ពិសេសលោកអភិបាលខេត្តថ្មី និងលោកប្រធានក្រុមប្រឹក្សាខេត្ត ត្រូវសហការគ្នា ប្រមូលផ្តុំបញ្ញាស្មារតី ដឹកនាំមន្ត្រី និងពលរដ្ឋឲ្យចូលរួមក្នុងដំណើរការអភិវឌ្ឍវិស័យនានា ពិសេសវិស័យទេសចរណ៍ ដែលជាវិស័យស្នូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចខេត្តឲ្យកាន់តែល្អប្រសើរ។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម បានណែនាំ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ជុំវិញខេត្តត្រូវរួមគ្នាបំផុសចលនា ឲ្យពលរដ្ឋចូលរួមក្នុងកិច្ចការងារ កែលម្អសោភណ្ឌភាព រក្សាបរិស្ថានបៃតង អនាម័យស្អាត បង្កើន និងលើកកម្ពស់សេវាកម្មទេសចរណ៍ល្អ និងរក្សាសណ្តាប់ធ្នាប់ល្អ នៅតាមទីសាធារណៈ រមណីយដ្ឋាននានា ដើម្បីទាក់ទាញអ្នកវិនិយោគលើវិស័យនេះ។
ស្របជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានជំរុញឲ្យយកចិត្តទុកដាក់លើការងារ ៦ចំណុច ផ្សេងទៀតផងដែររួមមាន៖
*ទី១៖ ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
*ទី២៖ ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ
*ទី៣៖ ការងារដោះស្រាយផលប៉ះពាល់ នៃវិបត្តិកូវីដ១៩ ពិសេសការងារកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រ,
*ទី៤៖ ការងារកំណែទម្រង់
*ទី៥៖ ការងារផ្តល់សេវាសាធារណៈ
*ទី៦៖ ពង្រឹងរបៀបរបបធ្វើការងាររបស់មន្ត្រី៕