(ភ្នំពេញ)៖ អាមេរិក និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី១ និងទី២លើលោក បានក្លាយទៅជាដៃគូប្រកួតប្រជែងឥទ្ធិពលគ្នាយ៉ាងខ្លាំងនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ការប្រជែងឥទ្ធិពល និងសង្គ្រាមពាក្យសម្តីរវាងអាមេរិកកាន់តែស្រួចស្រាវថែមទៀតចាប់តាំងពីលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកនៅឆ្នាំ២០១៧។
បញ្ហាដែលគេមើលឃើញថា នាំឱ្យចិន និងអាមេរិកមើលមុខគ្នាមិនចំ ហើយមានស្ថានភាពកាន់តែស្រួចស្រាវទៅនោះ មានដូចជាការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម, ជម្លោះសមុទ្រចិនខាងត្បូង, បញ្ហាដែនដីនៅតៃវ៉ាន់ និងហុងកុងជាដើម។ ចុងក្រោយនេះប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចេញសារបង្ហាញពីការពង្រឹងកម្លាំងការពារជាតិ និងប្រកាសឱ្យកងទ័ពរបស់ខ្លួន ត្រៀមខ្លួនប្រយុទ្ធនឹងទង្វើឈ្លានពានដែនអធិបតីតេយ្យភាពរបស់ចិនថែមទៀតផង។
រាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានបើកកិច្ចពិភាក្សាតុមូលមួយស្តីពី «ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាមេរិក»។ វាគ្មិនជាអ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយជាច្រើនរូប បានចូលរួមបង្ហាញពីទិដ្ឋភាពនៃការប្រឈមរវាងចិន និងអាមេរិក នាពេលបច្ចុប្បន្ន។
វាគ្មិនបានលើកបង្ហាញច្រើនពីការប្រឈមផ្សេងៗ រួមទាំងលទ្ធភាពនៃការផ្ទុះសង្គ្រាមរវាងមហាអំណាចទាំងពីរផងដែរ។ បើទោះបីការប្រជែងឥទ្ធិពលរបស់ចិន និងអាមេរិកនាពេលនេះ មានសភាពខ្លាំងក្លាយ៉ាងណាក្តី តែក្រុមអ្នកជំនាញបានមើលឃើញថា មិនអាចឈានទៅផ្ទុះសង្គ្រាមផ្នែកសព្វាវុធនោះឡើយ។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងក្នុងកិច្ចពិភាក្សាតុមូលនោះថា ការប្រឈមរបស់មហាអំណាចក្នុងសតវត្សរ៍ទី២១នេះ មានភាពទន់ភ្លន់ច្រើនបើធៀបការប្រជែងរបស់ មហាអំណាចក្រោយសង្គ្រាមលោក ហើយការប្រជែងរបស់ពួកគេគិតសំខាន់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច។
លោក សុខ ទូច បានបញ្ជាក់ដូច្នេះ «អ្នកទាំងពីរមិនវាយគ្នាទេ។ ខ្ញុំឃើញហ្វេសប៊ុកច្រើនណាស់ អ្នកនយោបាយខ្លះនិយាយថា ចិន និងអាមេរិកវាយគ្នា។ មិនវាយទេ ដាច់ខាតមិនវាយទេ។ គ្មានរឿងប៉ារម៉ាណូ គ្មានរឿងអីទេ។ គ្រាន់តែពេលនេះ ដូណាល់ ត្រាំ បង្ក្រាបចិន ដើម្បីយកសំឡេងឆ្នោត»។
លោក សុខ ទូច សង្កត់ធ្ងន់ថា «មហាអំណាចទាំងពីរ មិនអាចប្រកួតប្រជែងដោយការប្រើប្រាស់កម្លាំងទ័ពទេក្នុងករណីណាក៏ដោយ»។
ក្នុងកិច្ចពិភាក្សានេះ អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ និងភូមិសាស្ត្រចិន និងអាមេរិក ក៏ដូចជាលោក សុខ ទូច បានលើកបង្ហាញពិទិដ្ឋភាពនៃការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច សព្វាវុធ និងរបៀបធ្វើទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរផងដែរ។
ពាក់ព័ន្ធការធ្វើទំនាក់ទំនងនេះ អ្នកជំនាញបានមើលឃើញថា ចិនមានភាពទន់ភ្លន់ជាងអាមេរិក។ ពោលទំនាក់ទំនងណាមានប្រយោជន៍ គឺចិនចាប់យកទាំងអស់ មិនសូវជាមានលក្ខខណ្ឌច្រើននោះឡើយ។ តែសម្រាប់អាមេរិកវិញ អាចនឹងភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួនដូចជា តម្លាភាព ប្រជាធិបតេយ្យ ច្បាប់ និងសេដ្ឋកិច្ច៕