(ភ្នំពេញ)៖ ដែនដីរដ្ឋបាលពិសេសហុងកុង មិនអាចរបូតចេញពីការគ្រប់គ្រងរបស់រដ្ឋអំណាចចិនដីគោក បានជាដាច់ខាតទោះបីជាមហាអំណាចពិភពលោកលេខ១ សហរដ្ឋអាមេរិក បានព្យាយាមលុកដៃ កកូរកកាយ និងព្យាយាមឈរពីក្រោយក្រុមបាតុករហុងកុងក៏ដោយ។

គួរម្លឹកថា ដែនដីរដ្ឋបាលពិសេសហុងកុង ដែលមានទំហំប្រមាណ ១,១០៦គីឡូម៉ែត្រការ៉េ ត្រូវបានប្រទេសអង់គ្លេងប្រគល់ឱ្យរដ្ឋាភិបាលចិនវិញនៅឆ្នាំ១៩៩៧។ ទឹកដីនេះ ទោះបីត្រូវបានប្រទេសអង់គ្លេស ប្រគល់ឱ្យរដ្ឋាភិបាលចិនវិញ តែក៏ជាតំបន់ពាក់កណ្ដាលស្វយ័តរបស់ចិន ដោយមានរដ្ឋាភិបាលគ្រប់គ្រងដោយឡែកពីចិនដីគោក ប៉ុន្តែក្រុងប៉េកាំង ទទួលខុសត្រូវលើវិស័យការបរទេស ការពារជាតិ និងសន្តិសុខ។ ដែនដីហុងកុងមានរដ្ឋធម្មនុញ្ញផ្ទាល់ខ្លួន ដែលត្រូវបានគេស្គាល់ថា «ច្បាប់មូលដ្ឋាន» ហើយហុងកុង ក៏ជាទឹកដីមួយរបស់ចិន ដែលប្រជាជនមានសិទ្ធិប្រមូលផ្ដុំ និងធ្វើបាតុកម្មផងដែរ។

គួរឱ្យកត់សម្គាល់ថា នៅរយៈពេលចុងក្រោយជាពិសេសនៅចុងឆ្នាំ២០១៩ ដែនដីរដ្ឋបាលពិសេសហុងកុង មានករណីប្រមូលម្តុំធ្វើបាតុកម្ម ព្រមទាំងបង្កឱ្យមានអំពើហិង្សាយ៉ាងខ្លាំង រហូតមានបណ្តាញព័ត៌មានអន្តរជាតិធំៗ បានចុះផ្សាយថា ករណីផ្ទុះបាតុកម្ម និងហិង្សាជាបន្តបន្ទាប់នេះ គឺមានការជ្រៀតជ្រែកលុកដៃពីសំណាក់សហរដ្ឋអាមេរិក ជាពិសេសរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ កំដៅកាត់តែដុតថែមទៀតដោយរដ្ឋាភិបាលចិន បានបង្កើតច្បាប់ថ្មីមួយរហូតធ្វើឱ្យអាមេរិក ប្រកាសដកហូតហុងកុងជាដែនដីពិសេស ដែលអាចជាការបើកផ្លូវទៅដល់ការ ដកសិទ្ធិពិសេស ក្នុងការធ្វើពាណិជ្ជកម្មជាមួយអាមេរិកជាដើម។

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយ និងអ្នកតាមដានស្ថានការណ៍នយោបាយចិននៅក្នុងប្រទេសកម្ពុជា បានអះអាងថា ប្រទេសចិនដីគោក នៅតែព្យាយាមឱបក្រសោបទឹកដីហុងកុង មិនឱ្យរបូតចេញពីខ្លួនជាដាច់ខាត ហើយហុងកុងខ្លួនឯង ក៏មិនអាចរលាស់ដៃពីការគ្រប់គ្រងរបស់ចិនដីគោកបាននោះដែរ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការលុកដៃរបស់សហរដ្ឋអាមេរិក ក្នុងបញ្ហាទឹកដីហុងកុង បើទោះបីហុងកុងត្រូវបានផ្ទេរមក គ្រប់គ្រងរបស់ចិនវិញនៅឆ្នាំ១៩៩៧ ពេលនៅក្រោមប្រទេសអង់គ្លេស តើចិនញាំបាយជាមួយសម ឬចង្កឹះ ប្រាកដណាស់ចិន ញាំបាយនឹងចង្កឹះ បើទោះបីអ្នកចូលទៅណាក៏ដោយ ក៏អ្នកនៅតែជាកោះមួយរបស់ចិន ប៉ុន្តែក្រោយចូលក្រោមការគ្រប់គ្រងរបស់ចិន ពលរដ្ឋហុងកុង ដូចជាលំបាក ក៏ប៉ុន្តែរដ្ឋាភិបាលចិន បានផ្តល់ឱកាសដល់ហុងកុង ដោយប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងចំនួន២ ដូច្នេះចិនប៉េកាំង បានផ្តល់ឱកាសដល់ចិនហុងកុងរៀនដកដង្ហើម មិនមែនដូរភ្លាម ១៨០អង្សានោះទេ»

លោកបណ្ឌិត សុខ ទូច បានបន្តថា មូលហេតុនៃការឡើងកម្ដៅស្ទើរផ្ទុះម្ដងៗរវាងមហាអំណាចទាំងពីរនេះគឺដោយសារលោក ដូណាល់ ត្រាំ កំពុងប្រជែង ដើម្បីយកប្រជាប្រិយភាព ក្នុងការបោះឆ្នោតនេះ ជាមួយលោក ចូបាយឌិន។

សម្រាប់លោក ពុយ គា វិញជាអ្នកកាសែតជើងចាស់ និងជាទីភ្នាក់ងារសារព័ត៌មានដ៏ល្បីរបស់ជប៉ុនតូដ្យូប្រចាំកម្ពុជាបានលើកឡើងថា «ទិដ្ឋភាពនេះ បើប្រៀបធៀបបញ្ហងទីក្រុងហុងកុង និងទីកោះតៃវ៉ាន់ បញ្ហាហុងកុង មិនមែនជាចំណុចឈ្នួនផ្ទុះ ដោយបញ្ហាតៃវ៉ាន់នោះទេ តៃវ៉ាន់ក្តៅជាងខ្លាំងជាង ហើយហុងកុង យើងឃើញគ្រាន់ព្រឹត្តិការណ៍នេះភ្លាម នៅពេលសហរដ្ឋអាមេរិក ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ប្រទេសចិន បានប្រតិកម្មទៅភ្លាម គាប់ជូនសហរដ្ឋអាមេរិក បានប្រើប្រាស់កម្លាំងបង្ក្រាបបាតុករនៅលើទឹកដីរបស់ខ្លួនដែរ»។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បញ្ហាហុងកុង គឺជាយុទ្ធសាស្ត្រមួយរបស់សហរដ្ឋអាមេរិក ដើម្បីយ៉ាងណាឱ្យរដ្ឋាភិបាលចិន មានការរវល់ និងចុះខ្សោយទីបំផុត ប្រសិនបើទីក្រុងហុងកុង បន្តប្រទាញប្រទង់ដោយសារតែបាតុកម្មនោះទីក្រុងហុងកុង នឹងអាចបាត់បង់ឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ី ដែលជាដង្ហើមសេដ្ឋកិច្ចរបស់ចិន និងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសចិន មានការថមថយឥទ្ធិពលសេដ្ឋកិច្ច។

ដោយឡែកលោកបណ្ឌិត ឌៀប សុផល សាស្ត្រាចារ្យ និងជាអ្នកប្រវត្តិសាស្ត្រ បានថ្លែងថា «ទឹកដីហុងកុង គឺជាដែនដីអធិបតេយ្យភាពរបស់ប្រទេសចិន ដូច្នេះរដ្ឋាភិបាលចិន មានសិទ្ធិគ្រប់គ្រាន់ដើម្បីថែរក្សាស្ថិរភាពនៅក្នុងដែនដីរបស់ខ្លួន ក៏ប៉ុន្តែអ្វីដែលអាចមើលឃើញ គឺកម្លាំងប្រឆាំង និងប្រសិទ្ធភាពនៃការដោះស្រាយបញ្ហារបស់អំណាចទីក្រុងប៉េកាំង ខ្ញុំនឹងជឿថា ចិននឹងប្រើគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហានៅទីក្រុងហុងកុង ពិព្រោះចិន មិនអាចបាត់បង់ទឹកលដីហុងកុងនោះទេ»

លោកបានបន្តថា បច្ចុប្បន្ននេះ រដ្ឋាភិបាលចិន មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយវិបត្តិនៅទឹកដីហុងកុង ហើយសហរដ្ឋអាមេរិក ក៏មានការរារែកក្នុងការលុកដៃចូលបញ្ហា អធិបតេយ្យភាពរបស់ប្រទេសចិននោះដែរ។

គួរបញ្ជាក់ថា ច្បាប់សន្តិសុខជាតិថ្មី ដែលប្រទេសចិនកំពុងត្រៀម អនុម័តលើទីក្រុង ហុងកុង មិនទាន់មាននរណាដឹងថា បានចែងអ្វីខ្លះឱ្យប្រាកដនោះឡើយ ប៉ុន្តែដោយយោងលើព័ត៌មានមិនទាន់ផ្លូវការ សហរដ្ឋអាមេរិកបានចាត់ទុកថា វាជាច្បាប់ដែលនឹងរឹតត្បិតសេរីភាពទីក្រុងនេះ និងធ្វើឲ្យទីក្រុងនេះ លែងមានសិទ្ធិស្វ័យភាពតទៅទៀត។ ទោះជាបែបនេះក្តី លោកស្រីអភិបាលក្រុងហុងកុង ខារី ឡាំ បានបញ្ជាក់ថា គ្រប់គ្នាគួររង់ចាំអានសេចក្តីលម្អិត នៅក្នុងច្បាប់នោះសិន មុននឹងបញ្ចេញប្រតិកម្ម ហើយលោកស្រីបានធានាទៀត ច្បាប់នោះនឹងមិនបង្កផលប៉ះពាល់ដល់សិទ្ធិ និងសេរីភាព នៃទីក្រុងនេះឡើយ៕