(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំឱ្យធ្វើការកែសម្រួល និងរៀបចំបទប្បញ្ញត្តិបន្ថែម ព្រមទាំងបង្កើត «ច្រកចេញចូលតែមួយ» ដើម្បីបង្កើនល្បឿនក្នុងការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស មានតម្លាភាព ប្រសិទ្ធភាព ផ្តល់ផលប្រយោជន៍កាន់តែច្រើន ដល់អ្នកប្រើប្រាស់សេវា ក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍។
ការណែនាំនេះធ្វើឡើង ក្នុងកិច្ចប្រជុំប្រចាំខែ ដោយមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធក្រោមឱវាទក្រសួង នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ កិច្ចប្រជុំនេះផ្តោតជាសំខាន់ លើការបង្ហាញពីការងារកំណែទម្រង់ ការកែសម្រួលនីតិវិធីការងារ ការបង្កើតក្រុមការងាររៀបចំគោលនយោបាយសំខាន់ៗ ដែលបានដាក់ចេញកន្លងមក និងបញ្ហាផ្សេងៗផងដែរ។
ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំ អំពីកំណែទម្រង់នីតិវិធីរដ្ឋបាលផ្ទៃក្នុងក្រសួង និងនីតិវិធីបង្កើតការប្រមូលចំណូលជាពិសេស ចំណែកនៃផលចំណូល ឱ្យបានត្រឹមត្រូវតាមច្បាប់ទូរគមនាគមន៍។
ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់មន្ត្រីរាជការ ក្រសួងរៀបចំផ្លាស់ប្តូរការបើកប្រាក់រង្វាន់លើកទឹកចិត្ត ដែលកំពុងអនុវត្តបច្ចុប្បន្ន ការសរុបប្រាក់រង្វាន់ចំនួន២ខែ ហើយបើកផ្តល់ជូនរៀងរាល់២ខែម្តង ទៅជាការបើកប្រាក់រង្វាន់ជារៀងរាល់ខែវិញ និងផ្តល់ប្រាក់រង្វាន់សម្រាប់ ជួយឧបត្ថម្ភជីវភាពបន្ថែមជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាទាំងអស់ ដែលបំពេញការងារនៅរដ្ឋបាលកណ្តាលនៃក្រសួង ចំនួន ៤ម៉ឺនរៀល ជារៀងរាល់ខែ និងនៅគ្រប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ចំនួន២ម៉ឺនរៀល ជារៀងរាល់ខែ ដោយចាប់អនុវត្តពីខែឧសភា ឆ្នាំ២០២០នេះតទៅ។
ក្រុមការងារមួយចំនួន ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយតម្រូវការបន្ទាន់ ដូចជាសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល, ឌីជីថលនីយកម្មក្រសួង, ការគ្រប់គ្រងនិងបែងចែកហ្វ្រេកង់ស៍ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) ជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចូលរួមគោរពទង់ជាតិ ដែលជាដួងព្រលឹងជាតិ និងដើម្បីសម្ដែងនូវសេចក្ដីគោរពដឹងគុណ ដល់អ្នកតស៊ូក្នុងបុព្វហេតុការពារជាតិមាតុភូមិ ព្រមទាំងអ្នកដែលបានកសាងអភិវឌ្ឍន៍ជាតិ ប្រកបដោយសុខសន្តិភាព និងចីរភាព៕