(ភ្នំពេញ)៖ លោក គឹម សុទ្ធា ប្រធានសមាគមអតីតនិស្សិតកម្ពុជា ពីសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន (ហៅកាត់ថា HIT-AAC) បានប្រកាសដំណើរការជាផ្លូវការ របស់សមាគមចាប់ពីពេលនេះតរៀងទៅ ក្រោយក្រសួងមហាផ្ទៃ បានសម្រេចឲ្យចុះឈ្មោះក្នុងបញ្ជីសមាគម។

ក្នុងសេចក្តីប្រកាសនេះ លោក គឹម សុទ្ធា បានបញ្ជាក់ថា សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន (ហៅកាត់ថា HIT) បានបង្កើតឡើងនៅឆ្នាំ១៩២០ មកដល់បច្ចុប្បន្ន មានអាយុកាល១០០ឆ្នាំ ជាសមាជិកមួយក្នុងលីគសាកលវិទ្យាល័យកំពូលទាំង៩ (C៩) របស់ប្រទេសចិន និងក្នុងឆ្នាំ២០២០នេះ បានទទួលចំណាត់ថ្នាក់លំដាប់ទី៦ ក្នុងពិភពលោក សម្រាប់ជំនាញវិស្វកម្ម។ HIT បានទទួលរហ័សនាមថា «ជាសំបុកជម្រុកនៃអ្នកវិស្វករ» និងមានបច្ចេកវិទ្យាឈានមុខគេ ក្នុងវិស័យអវកាស ដោយ HIT ជាសាកលវិទ្យាល័យដំបូងគេក្នុងប្រទេសចិន ដែលបានរចនា ផលិត និងគ្រប់គ្រងការបង្ហោះផ្កាយរណបខ្នាតតូចជោគជ័យ ដោយឯករាជ្យទាំងស្រុងពី សំណាក់សាកលវិទ្យាល័យ និងក្រុមនិស្សិតផ្ទាល់ខ្លួន។

មុនការបង្កើតសមាគម HIT-AAC ជាផ្លូវការក្រុមអតីតនិស្សិត និងនិស្សិត ដឹកនាំដោយលោក គឹម សុទ្ធា បានប្រឹងប្រែងស្វះស្វែងក្នុងការផ្សារភ្ជាប់ និងជម្រុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យា ល័យបច្ចេកវិទ្យាហាប៊ីន ជាមួយប្រទេសកម្ពុជា ។ ជាលទ្ធផល នៅខែធ្នូ ឆ្នាំ២០១៧ HIT បានអញ្ជើញក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំដោយ លោកបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការ និងនាយកវិទ្យាល័យចំនួន៨អង្គភាព របស់ប្រទេសកម្ពុជា ចូលរួមក្នុង «វេទិការ HIT និងនាយកវិទ្យាល័យអាស៊ានលើកទី១» នៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ទីក្រុងហាប៊ីន ប្រទេសចិន។

បន្ទាប់ពីដំណើរទស្សនិច្ចនោះ មកដល់ពេលបច្ចុប្បន្ន តាមរយៈប្រភេទអាហារូបករណ៍ផ្សេងៗ ចំនួននិស្សិតកម្ពុជាដែលបញ្ចប់ និងកំពុងសិស្សានៅ HIT មានចំនួនកើនឡើងសរុប ដល់៣៦នាក់ ដោយសិក្សាក្នុងមុខជំនាញដូចជា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអវកាស វិស្វកម្មមេកាត្រូនិច វិទ្យាសាស្រ្តកុំព្យូទ័រ បច្ចេកវិទ្យាលព័ត៌មាន វិស្វកម្មជីវសាស្រ្ត វិស្វកម្មគីមីចំណីអាហារ វិស្វកម្មសំណង់ស៊ីវិល ស្ថាបត្យកម្ម គ្រប់គ្រង និងសេដ្ឋកិច្ចជាដើម ព្រមទាំងមាននាយក គ្រូបង្រៀន និងសិស្សវិទ្យាល័យចំនួនប្រហែល៩៥នាក់ បានចូលរួមក្នុង «កម្មវិធីសិក្សាស្វែងយល់ពីវប្បធម៌ចិន និង HIT» និង «កម្មវិធីសិក្សាស្វែងយល់ពីមនុស្សយន្ត»។

លោក គឹម សុទ្ធា ក៏បានថ្លែងថា សមាគម HIT-AAC បានកំណត់នូវបេសកកម្មដ៏ច្បាស់លាស់ និងមុតមាំ ក្នុងការចូលរួមលើកកំពស់មិត្តភាពជិតស្និទកម្ពុជា-ចិន ពង្រីកកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន និងប្រទេសកម្ពុជា ព្រមទាំងផ្សាភ្ជាប់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាជិក សមាជិកា និងបុគ្គលពាក់ព័ន្ធមកពីគ្រប់ទិសទី ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ក្នុងវិស័យអប់រំ ធនធានមនុស្ស និងសេដ្ឋកិច្ចដោយផ្តាតសំខាន់ ក្នុងជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវិស្វកម្ម។

ក្នុងឱកាសដ៏ពិសេសមួយនេះ សមាគម HIT-AAC បានទទួលនូវការអបអរសាទរជូនពរ និងគាំទ្រជាច្រើនក្នុងប្រទេសកម្ពុជា និងក្នុងពិភពលោក រួមមានសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន, សមាគមកណ្តាលអតីតនិស្សិតទូទាំងពិភពលោក ពីសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន, ក្រសួងអប់រំ យុវជន និងកីឡា, វិទ្យាល័យសហប្រតិបត្តិការ ទាំង៨អង្គភាពរបស់កម្ពុជា, សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា, មហាវិទ្យាល័យអប់រំអន្តរជាតិ, មហាវិទ្យាល័យវិស្វកម្មសំណង់ស៊ីវិល, មហាវិទ្យាល័យវិស្វកម្មមេកាត្រូនិច, មហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដឹកជញ្ជូន, មហាវិទ្យាល័យស្ថាបត្យកម្ម សមាគមអតីតនិស្សិត HIT ពីប្រទេសរុស្សី ប្រទេសជប៉ុន ប្រទេសបារាំង ប្រទេសសាំងហ្គាព័រ និងសមាគមអតីតនិស្សិត HIT ក្នុងប្រទេសចិនដូចជា ទីក្រុងប៉េកាំង ទីក្រុងស៊ិនជិន ទីក្រុងហាប៊ីន ទីក្រុងវៃហាយ ទីក្រុងតាក់លាន និងទីក្រុងស៊ិនយ៉ាងជាដើម។

ក្នុងនោះផងដែរ លោកបណ្ឌិតសភាចារ្យ ហាន ជាឆាយ នាយករងប្រចាំការ នៃសាកលវិទ្យាល័យ អនុប្រធានទី១ នៃសមាគមអតីតនិស្សិតទូទាំងពិភពលោក និងជាបណ្ឌិតសភាចារ្យ គោរមងារវិទ្យាសាស្រ្ត នៃបណ្ឌិតសភាចិន តាងនាមសាកលវិទ្យាល័យ និងសមាគមកណ្តាល បានចូលរួមអបអរសាទរ តាមរយៈផ្ញើសារជាវីដេអូថា សាកលវិទ្យាល័យ និងសមាគមកណ្តាល មានការសប្បាយរីករាយជាខ្លាំង និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការប្រកាសដំណើរការជាផ្លូវការ របស់សមាគមនេះ។

លោកបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថា អតីតនិស្សិត គឺជាទ្រព្យសម្បត្តិដ៏មានតំលៃ និងជាកម្លាំងដ៏សំខាន់សម្រាប់ការអភិវឌ្ឍ របស់សាកលវិទ្យាល័យ ដូចនេះសាកលវិទ្យាល័យនឹងធ្វើជាខ្នងបង្អែកដ៏រឹងមាំ ក្នុងការគាំទ្រ មើលថែ និងជ្រោមជ្រែងដល់ការរីកចម្រើនលូតលាស់ របស់អតីតនិស្សិត ព្រមទាំងចូលរួមជាមួយសមាគមអតីតនិស្សិតក្នុងការ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងព្រះរាជាណាចក្រកម្ពុជា លើកកម្ពស់មិត្តភាពជិតស្និទចិន-កម្ពុជា និងចូលរួមអភិវឌ្ឍសង្គមកម្ពុជាឲ្យកាន់តែរីកចម្រើន។

ជាពិសេសទៅទៀត អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ក៏បានផ្ញើរសារលិខិតជូន សមាគមអតីតនិស្សិតកម្ពុជា ពីសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ក្នុងការចូលរួមអបអរសាទរ និងជូនពរដល់ការប្រកាស់ដំណើរការជាផ្លូវការរបស់សមាគម។

ក្នុងនោះផងដែរ អ្នកឧកញ៉ា បានកោតសរសើរពីភាពអស្ចារ្យ និងល្បីល្បាញរបស់សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន និងបង្ហាញចំណាប់អារម្មណ៍ ក្នុងការផ្សាភ្ចាប់កិច្ចសហប្រតិបត្តិការជាមួយនឹងសមាគម ក្នុងកិច្ចការងារវប្បធម៌ និងអប់រំនាពេលខាងមុខ៕

http://image.freshnewsasia.com/2020/id-011/fn-2020-05-30-08-52-08-2.JPG