(បាត់ដំបង)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងសហការី នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានបន្តដំណើរបេសកកម្ម ចុះពិនិត្យស្ថានភាពទឹក ក្នុងដើមរដូវវស្សានេះ មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែ និងប្រឡាយមេដូនទាវ នៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង។
អមដំណើរលោករដ្ឋមន្រ្តី ចុះពិនិត្យនៅទីតាំងខាងលើ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងក្រុមការងារបច្ចេកទេស បានជម្រាបជូន លោករដ្ឋមន្រ្តី អំពីបច្ចុប្បន្នភាពវឌ្ឍនភាព នៃការសាងសាង់គម្រោងសំណង់ស្ទាក់ទឹកសាលាតាអននេះ ដែលទទួលហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ហើយរហូតមកដល់ពេលនេះ សម្រេចបានប្រមាណ៦៥ភាគរយ។
សូមបញ្ជាក់ថា គោលបំណងនៃគម្រោងនោះគឺមាន៣ចំណុច៖
១៖ ស្ទាក់ថែរក្សាទឹកទុក នៅលើស្ទឹងសង្កែ ដែលចាត់ទុកជាដំណាក់កាលទី៣ ផ្នែកខាងក្រោមស្ទឹងសង្កែ បន្ទាប់ពីនៅផ្នែកខាងលើ មានអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងធ្លាក់ចូលទៅបឹងទន្លេសាប។ គម្រោងនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន១០,៤០០ហិកតា និងស្រូវប្រាំងចំនួន៤,៧០០ហិកតា។
២៖ ជាប្រភពទឹកដើម្បីបម្រីដល់ការផ្គត់ផ្គង់ទឹកស្អាត ដល់ទីរួមខេត្តបាត់ដំបង
៣៖ ជាសោភ័ណភាព និងទាក់ទាញសក្តនុពលទេសចរណ៌ ដល់ក្រុងខេត្តបាត់ដំបង។
គម្រោងនេះ ជាសមិទ្ធិផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋមន្រ្តី លោក លឹម គានហោ បានធ្វើការកោតសរសើរ ដល់ក្រុមហ៊ុនសាងសង់ ដែលបានខិតខំធ្វើការ ទោះជួបឧបសគ្គ និងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែន ដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះ មានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ ដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើប្រាស់ ដល់ជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់៕