(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញអារម្មណ៍សោកស្តាយចំពោះកងទ័ពមួកខៀវកម្ពុជា ដែលបានពលីជីវិតនៅប្រទេសម៉ាលី ដោយសារជំងឺកូវីដ១៩។
ការបង្ហាញអារម្មណ៍សោកស្តាយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបញ្ចុះបឋមសីលា សាងសង់ស្តូបវិមាននយោបាយឈ្នះឈ្នះ នៅក្នុងទឹកដីខេត្តកោះកុង។
កងទ័ពមួកខៀវកម្ពុជាមួយរូប គឺលោកឧត្តមសេនីយ៍ទោ ស សាវី បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ពេលលោកកំពុងបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា កងទ័ពមួកខៀវកម្ពុជា ដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នេះ គឺជាកងកម្លាំងគាំទ្រថ្នាក់ជាតិ ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសម៉ាលី។ សម្តេចពិជ័យសេនា បានចាត់ទុកការបាត់បង់ជីវិតរបស់យុទ្ធជនខ្មែរនៅបរទេសនេះ ជាការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានចំពោះជាតិមាតុភូមិ ជាពិសេសកិច្ចមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ។
ប្រមុខការពារជាតិកម្ពុជា បានថ្លែងគូសបញ្ជាក់ថា៖ «មិនមែនតែយើងទេកម្លាំងដែលប្រតិបត្តិការនៅទីនោះ គឺច្រើនណាស់រហូតដល់ជាង ៧០នាក់ បានឆ្លងជំងឺកូវីដ១៩នេះ។ ប៉ុន្តែជាអកុសលអាក្រក់របស់យើងកងទ័ពកម្ពុជាយើងម្នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងចំណោមប៉ុន្មាននាក់ដែលឆ្លងជំងឺនេះ មានស្ថានភាពធ្ងន់ធ្ងរ ទោះបីការជួយព្យាបាលយកចិត្តទុកពីសំណាក់ក្រុមគ្រូពេទ្យនៅទីនោះក៏មិនអាចជួយសង្គ្រោះបាន តាំងពីម្សិលមិញ។ ដូច្នេះ ខ្ញុំបានបញ្ជាទៅហើយខាងមជ្ឈមណ្ឌលជាតិ នឹងទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ រហូតដល់យើងចូលរួមសោកស្តាយជាមួយគ្រួសារសព ជាមួយប្រជាជាតិយើងទាំងមូល ក៏ប៉ុន្តែយ៉ាងណាយើងក៏ត្រូវតែគោរពតាមក្រឹតក្រមទាំងឡាយរបស់អង្គការសហប្រជាជាតិនៅទីនោះ»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ដែរថា សពយុទ្ធជនពលីរូបនេះ ភាគីកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដើម្បីរៀបចំសពយុទ្ធជនរបស់កម្ពុជា ឱ្យសាកសមនឹងការលះបង់ ដើម្បីបុព្វហេតុមនុស្សធម៌។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន, ក្រសួងការពារជាតិ ជានិច្ចកាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកងទ័ពមួកខៀវកម្ពុជា នៅក្រៅប្រទេសដោយបានបញ្ជូននូវសម្ភារការពារ ទប់ស្កាត់ និងបង្ការវីរុសកូវីដ១៩ ដល់កងទ័ពកម្ពុជា នៅក្រៅប្រទេសដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ ជាពិសេសបានផ្សព្វផ្សាយតាមការណែនាំរបស់ក្រាសួងសុខាភិបាលដល់កងទ័ពកម្ពុជានៅតាមតំបន់ឈរជើងរៀងៗខ្លួនផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជា ចំនួន៥ កងធំៗ សរុបជិត ៧៨៧នាក់ ក្នុងនោះនារីចំនួន ៧៦នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៦រួមមាន៖ លីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី, សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងយ៉េមែន។
កាលពីពេលថ្មីៗនេះ មានកងកម្លាំងយោធាមួកខៀវកម្ពុជា ៧នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ១៩។ ក្នុងនោះស្លាប់ ១នាក់ ជាសះស្បើយ ២នាក់ និង ៤នាក់ផ្សេងទៀត កំពុងព្យាបាល៕