(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន បានសម្រេចជ្រើសតាំងលោកទេសរដ្ឋមន្ត្រី គន់ គីម ជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់អាណត្តិថ្មីបន្តទៀត។
សមាគមអតីតយុទ្ធជនកម្ពុជា តែងតែប្រារព្ធមហាសន្និបាតរបស់ខ្លួនរៀងរាល់៥ឆ្នាំម្តង ដើម្បីកែសម្រួលសមាសភាពថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល ក៏ដូចជាគណៈអចិន្ត្រៃយ៍។ តែឆ្នាំ២០២០នេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ សមាគមមិនអាចប្រារព្ធមហាសន្និបាតរបស់ខ្លួនដូចរាល់ឆ្នាំនោះឡើយ។
បើទោះបីមិនមានការប្រារព្ធមហាសន្និបាតយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាថ្នាក់ដឹកនាំកំពូលរបស់សមាគម បានសម្រេចប្រគល់ភារកិច្ចជូននាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធាន និងជាអគ្គលេខាធិការសមាគម ដើម្បីដឹកនាំអនុវត្តន៍ផ្ទាល់លើការងាររបស់សមាគមសម្រាប់អាណត្តិថ្មីជាបន្តទៀត។
ក្រៅតែពីការសម្រេចជ្រើសតាំងលោកទេសរដ្ឋមន្ត្រី គន់ គីម ជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំសមាគមចំនួន ៣៨រូបបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទទួលខុសត្រូវ និងឆ្លើយតបឱ្យបានទាន់ពេលវេលាលើបញ្ហាកើតមានចំពោះអតីតយុទ្ធជនកម្ពុជា។
សមាសភាពថ្នាក់ដឹកនាំសមាគមដែលសម្តេចតេជោ ហ៊ុន សែន សម្រេចទទួលស្គាល់នេះ រួមមាន៖ អនុប្រធាន ៣រូប អគ្គលេខាធិការរង ៧រូប សមាជិកគណៈកម្មាធិការកណ្តាល ១៧រូប និងសមាជិកគណៈអចិន្ត្រៃយ៍ ១១រូប។
អនុប្រធាន៣រូបរួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
អគ្គលេខាធិការរង ៧រូបរួមមាន៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ, នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកងអង្គរក្ស, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ឈៀ ស៊ីដារ៉ា ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ម៉ែន សុចិត្រ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
សូមបញ្ជាក់ថា សមាគមអតីតយុទ្ធជនកម្ពុជា គឺជាសមាគមដែលធ្វើសកម្មភាពជាពិសេស ដើម្បីគាំពារ និងជួយដោះស្រាយរាល់បញ្ហារបស់អតីតយុទ្ធជនកម្ពុជា។ ដើម្បីតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលីកម្មយ៉ាងធំធេង បូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុ រំដោះជាតិ មាតុភូមិ ការពារអធិបតេយ្យភាពបូរណភាពទឹកដី និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការរស់នៅរបស់អតីតយុទ្ធជន។
រាជរដ្ឋាភិបាល បានសម្រេចផ្តល់ដីសង្គមកិច្ច និងសង់លំនៅឋាន និងមានប្រាក់បៀវត្សរ៍ជារៀងរាល់ខែជូនពួកគេ ព្រមទាំងក្រុមគ្រួសារផងដែរ។ លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាអគ្គលេខាធិការសមាគម ត្រូវបានគេមើលឃើញថា ធ្វើសកម្មភាពយ៉ាងសកម្មភាព ហើយបានចុះទៅដល់កន្លែងរស់នៅរបស់អតីតយុទ្ធជន ពិនិត្យ និងសិក្សាដោយផ្ទាល់ ដើម្បីដាក់ចេញនូវយន្តការនានាធានាដល់ការលើកកម្ពស់ជីវភាព និងដោះស្រាយរាល់បញ្ហារបស់អតីតយុទ្ធជន។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាសេនាធិការដ៏ប៉ិនប្រសប់របស់សម្តេចតេជោ បានប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងបញ្ញាញាណក្នុងការជំរុញការងារផ្សេងៗរបស់អតីតយុទ្ធជនផងដែរ។
តាមរយៈការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងសមាគម បានធ្វើឱ្យជីវភាព និងការរស់នៅរបស់អតីតយុទ្ធជនល្អប្រសើរឡើង៕