(បាត់ដំបង)៖ គណៈប្រតិភូក្រសួងផែនការ ដឹកនាំដោយលោក ហ៊ូ តាំងអេង រដ្ឋលេខាធិការ តំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់កងកម្លាំងនគរបាលជាតិ សម្ព័ន្ធមេត្រីភាពវរៈសេនាតូចលេខ ៣១០ និងលេខ៨២៣ ដែលកំពុងឈរជើង ការពារព្រំដែនកម្ពុជា-ថៃ ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងឱកាសសំណេះសំណាល លោករដ្ឋលេខាធិការ បាននាំជូននូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ជូនចំពោះបងប្អូនកងកម្លាំងកំពុងឈរជើងទាំងអស់។ ជំនួសមុខ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី, លោក ហ៊ូ តាំងអេង ក៏បានជម្រាបជូនពីសភាពការណ៍បច្ចុប្បន្ន ទាំងក្នុងប្រទេស និងលើសកលលោកផងដែរ។
លោកបានបញ្ជាក់ផងដែរថា បើទោះបីជាបច្ចុប្បន្នប្រមុខរាជដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់គិតគូរ និងព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះសុខមាលភាព របស់ប្រជាពលរដ្ឋទាំងមូល ក្នុងអម្លុងពេលកំពុងរីករាល ជាសកលនូវជំងឺកូវីដ-១៩ ប៉ុន្តែក៏នៅមានជនអគតិ និងបំពុលសង្គមមួយចំនួន តែងតែឆ្លៀតឱកាស ចាំកេងចំណេញផ្នែកនយោបាយ ដោយបានសន្យា ភូតកុហុក បំភ្លៃ និងបំភាន់ការពិត ចំពោះសភាពការណ៍បច្ចុប្បន្ន ក្នុងបំណងប៉ុនប៉ងបំផ្លិចបំផ្លាញ សេចក្តីសុខរបស់ប្រជាពលរដ្ឋ ក៏ដូចជាសន្តិសុខសង្គមជាតិ និងការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោកក៏បានសំណូមពរ ដល់បងប្អូនកងកម្លាំងឈរជើងនៅព្រំដែនទាំងអស់ សូមបន្តយកចិត្តទុកដាក់ យកអស់កម្លាំងកាយចិត្ត ការពាររាជរដ្ឋាភិបាល ព្រះមហាក្សត្រនៃយើង ពិសេសគឺការពារសន្តិភាព ដើម្បីភាពសុខសាន្ត របស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ហើយក្នុងរដូវភ្លៀងកំពុងធ្លាក់នេះ ក៏សូមយកចិត្តទុកដាក់ថែទាំសុខភាព ដូចជាជំងឺគ្រុនចាញ់ និងជាពិសេសត្រូវរក្សា ឲ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍អនាម័យ របស់ក្រសួងសុខាភិបាល និងប្រសាសន៍ផ្តាំផ្ញើរបស់ប្រមុខរដ្ឋាភិបាល ដើម្បីចៀសផុតពីជំងឺកាចសាហាវ ដែលកំពុងរីករាលដាលជាសកលនៅទូទាំងសកលលោក។
គណៈប្រតិភូ បាននាំមកជូននូវអំណោយ មានដូចជាសាច់ក្រក ម៉ី និងថវិកាមួយចំនួន ដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងផែនការទាំងមូល ជូនដល់កងកម្លាំងយើង សម្រាប់ប្រើប្រាស់ក្នុងគ្រា ដែលកំពុងទទួលរងនូវផលប៉ះពាល់ នៃការរីករាលដាលជាសកលជំងឺកូវីដ-១៩។
លោក ហ៊ូ តាំងអេងរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរចំពោះបងប្អូនកងកម្លាំង រួមនិងក្រុមគ្រួសារទាំងអស់ សូមមានសុខភាពល្អ និងចូលរួមជាមួយរាជរដ្ឋាភិបាលយើង ការពារឲ្យបាននូវសន្តិភាព ដើម្បីភាពរុងរឿង ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងសង្គមជាតិយើងទាំងមូល៕