(កំពង់ចាម)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ព្រមជាមួយសហការី នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញទៅបំពេញបេសកកម្ម នៅខេត្តកំពង់ចាម ដើម្បីចូលរួមដាំដំឡូងមីពូជ KU50 ជានិមិត្តរូបពិនិត្យ និងវាយតម្លៃលើការងារបង្កបង្កើនផល របស់សហគមន៍សម្បូរមានជ័យ សកម្មភាពដាំដុះ និងប្រមូលផលដំណាំកសិ-ឧស្សាហកម្ម ដំណាំឈើហូបផ្លែ និងរោងចក្រផលិតជីសរីរាង្គរបស់ក្រុមហ៊ុន ឡុង ស្រេង និងពិនិត្យចំការចេករបស់ក្រុមហ៊ុន YQL។
នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើ លោករដ្ឋមន្រ្តី វេង សាខុន និងលោកប្រតិភូ ព្រមជាមួយសហការី បានអញ្ជើញមកដាំដំឡូងមីពូជ KU50 ជានិមិត្តរូបលើផ្ទៃដី២៨ហត ក្នុងគោលបំណង ទី១៖ ក្រើនរំលឹកដល់ប្រជាកសិករ ឲ្យត្រៀមលក្ខណ:សម្បត្តិ ឲ្យបានគ្រប់គ្រាន់ (ភ្ជួរ រាស់ដាស់ដី ត្រៀមពូជ និងជី) ដើម្បីដាក់ដាំដំឡូងមី ឲ្យបានទាន់រដូវដើមឆ្នាំ និងទី២៖ ពង្រីក និងផ្សព្វផ្សាយពូជដំឡូងមី KU50 នេះ ដែលជាពូជធន់នឹងជំងឺម៉ូសាអ៊ិច និងជាពិសេសចង់ជម្រាប ជូនកសិករថា ដើម្បីទទួលបានទិន្នផលខ្ពស់ ចៀសវាងជំងឺឆ្លង យើងគួរគម្បីជ្រើសរើសពូជល្អ មានប្រភពច្បាស់លាស់ ដាក់ដាំ និងមើលថែរក្សាឲ្យបានល្អត្រឹមត្រូវ តាមបច្ចេកទេស។
នាឱកាសនេះ លោកប្រតិភូ បានជម្រាបជូនលោករដ្ឋមន្រ្តី វេង សាខុន ជ្រាបថា ពូជនេះទិញពីវិទ្យាស្ថានអភិវឌ្ឍពូជដំឡូងមី (TTDI) ប្រទេសថៃ ដែលជាពូជដំឡូងមី ធន់នឹងជំងឺម៉ូសាអ៊ិច មកធ្វើការដាំដុះ ក្នុងគោលបំណង ពង្រីកដើមពូជសម្រាប់ផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋ។ តាមរយៈលទ្ធផលដាំសាកល្បងក្នុងឆ្នាំ២០១៩ បានបង្ហាញថា ពូជនេះអាចធន់នឹងជំងឺម៉ូសាអ៊ិច ដែលផលប៉ះពាល់ មានកម្រិតត្រឹមតែប្រមាណ១-៥% ប៉ុណ្ណោះ ហើយអាចផ្ដល់ទិន្នផល និងកម្រិតជាតិម្សៅខ្ពស់ ក្នុងអាយុកាលផលិតកម្មត្រឹមតែ៨ខែ។
ដោយសារមានតម្រូវការពូជខ្ពស់ ក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម បានរៀបចំផែនការដាំពង្រីកពូជបន្ថែមចំនួន១៥០ហិកតា ហើយគិតមក ទល់បច្ចុប្បន្នសម្រេចដាំបាន៥០ហិកតារួចហើយ។
មានមតិសំណេះសំណាល ជាមួយថ្នាក់ដឹកនាំកសិដ្ឋាន មន្ត្រីជំនាញ បុគ្គលិក កម្មករកសិដ្ឋាន លោករដ្ឋមន្ត្រី វេង សាខុន បានផ្តល់កំលាំងចិត្ត កោតសរសើរ និងវាយតម្លៃចំពោះស្មារតី ទទួលខុសត្រូវ គ្រប់គ្រង ដឹកនាំកសិដ្ឋាន និងមើលថែរក្សាដីកសិដ្ឋាន ដែលជាកម្មសិទ្ធិរបស់រដ្ឋបានគង់វង្ស។
ដោយឡែក ចំពោះការងារបច្ចេកទេស លោក វេង សាខុន ស្នើសុំឲ្យមន្រ្តីកសិដ្ឋានយកចិត្តទុកដាក់ បង្កើនចំណេះដឹងបច្ចេកទេសទាក់ទងការបង្កាត់ ជ្រើសរើសបន្សុតពូជ ដំណាំតំបន់ដីខ្ពស់គ្រប់ប្រភេទ ដើម្បីធ្វើការផ្សព្វផ្សាយពូជដំណាំ និងបច្ចេកសេសជូនកសិករ នៅទូទាំងតំបន់នេះ ធ្វើយ៉ាងណា ឲ្យសាកសមទៅនឹងឈ្មោះ កសិដ្ឋាន និងជាពិសេសស្របតាមការវិវឌ្ឍន៍រីកចម្រើន ផ្នែកបច្ចេកវិទ្យាកសិកម្មទំនើប ដែលជួយកាត់បន្ថយកំលាំងពលកម្មពេលវេលា ទទួលបានប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ចខ្ពស់។
ចំពោះបញ្ហាជីវភាព លោកបានណែនាំ ឲ្យថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី គួរប្រើប្រាស់ដីរបស់កសិដ្ឋាន ឲ្យអស់សក្តានុពលផលិតពូជដំណាំ ដំណាំចំណីសត្វគោ ដើម្បីបង្កើត ចំណូល បង្កើនកម្រិតជីវភាពឲ្យកាន់តែល្អប្រសើរ។ អគ្គនាយកដ្ឋានកសិកម្ម គួរស្វែងរកដៃគូឯកជន ដើម្បីកៀរគរជំនួយជាថវិកា បច្ចេកទេស និងសម្ភារ (ជាគ្រឿងចក្រ) ដើម្បីលើកកម្ពស់ ការអនុវត្តបច្ចេកទេសកសិកម្មលើការបង្កាត់ពូជ ដាំដុះ និងប្រមូលផល ឲ្យកាន់តែមានប្រសិទ្ធភាព ទំនើបទាន់សម័យ ក្នុងទិសដៅបង្កើនផលិតភាព ផលិតកម្មលើផ្ទៃដីដដែល កាត់បន្ថយពលកម្ម និងចំណេញពេល។
លោករដ្ឋមន្ត្រី វេង សាខុន នៅព្រឹកថ្ងៃដដែលនោះ បានបន្តដំណើរមកឃុំសូភាស ស្រុកស្ទឹងត្រង់ ដើម្បីពិនិត្យការងារបង្កបង្កើនផល ការវិវឌ្ឍន៍រីកចម្រើន និងបញ្ហាប្រឈបសំខាន់ របស់សហគមន៍កសិកម្ម សំបូរមានជ័យ។
ក្នុងពិធីសំណេះសំណាល លោក ថេង ថុង ប្រធានសហគមន៍រាយការណ៍ ជូនលោករដ្ឋមន្ត្រីជ្រាបថា សហគមន៍នេះ បានបង្កើតទ្បើងនៅឆ្នាំ២០១០ ក្នុងបំណងបង្កើតកំលាំង ពង្រឹងសិទ្ធិអំណាចចរចាថ្លៃកសិកផលជាមួយឈ្មួញ និងក្រុមហ៊ុន ដោះស្រាយបញ្ហា និងការពារផល ប្រយោជន៍របស់សមាជិក សំដៅលើកកម្ពស់ប្រាក់ចំណូលគ្រួសារ តាមរយៈផលិតផលកសិកម្ម។ បច្ចុប្បន្នសហគមន៍មានសមាជិកសរុបចំនួន៦៥៩គ្រួសារ (ស្ត្រី៣៧៩នាក់) ដើមទុនសរុប ១,៦៦៦,៤៤៤,៥០០រៀល ប្រមាណជាង ៤១៦,០០០ដុល្លារ។
បច្ចុប្បន្នសហគមន៍មានមុខរបរអាជីវកម្មសំខាន់ៗរួមមាន៖ ឥណទានកសិកម្ម ការផលិតស្រូវពូជ និងស្រូវចំណី សម្រាប់លក់ទៅកាន់ទីផ្សារ ការផ្គត់ផ្គង់ធាតុចូលកសិកម្ម ការធ្វើទីផ្សារបន្លែសុវត្ថិភាព មាន ស្លឹកគ្រៃ បន្លែ និងឈើហូបផ្លែ ធ្វើការកែច្នៃប្រេងស្លឹកគ្រៃសម្រាប់លក់ទៅកាន់ទីផ្សារ ចិញ្ចឹមមាន់ និងដាំបន្លែសុវត្ថិភាព នៅក្នុងផ្ទះសំណាញ់ បើកទីផ្សារលក់ផលិតផលរបស់ខ្លួន ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យារបស់ជាមួយក្រុមហ៊ុន AMRU RICE លក់ស្រូវចំណីចំនួន៥០០តោន ក្នុងឆ្នាំ២០២០ ធ្វើកិច្ចសន្យាជាមួយក្រសួងអប់រំ ដើម្បីផ្គត់ផ្គង់អង្ករជូនដល់សាលារៀន ធ្វើកិច្ចសន្យាជាមួយអ្នកលក់គ្រាប់ពូជស្រូវ នៅស្រុកស្ទឹងត្រង់ ដើម្បីផលិតគ្រាប់ពូជចំនួន៣៦០តោន/ឆ្នាំ បានធ្វើកិច្ចសន្យាផ្គត់ផ្គង់បន្លែ សាច់ និងអង្ករឱ្យទៅសាលារៀនចំនួន ៨ នៅក្នុងស្រុកស្ទឹងត្រង់ ផលិតប្រេងស្លឹកគ្រៃបានចំនួន ៣០លីត្រ/ខែ និងលក់ស្លឹកគ្រៃមាន៩៨០តោន/ឆ្នាំ។ល។ បច្ចុប្បន្នបានផ្តល់ការងារឱ្យនិស្សិត ដែលទើបបញ្ចប់បរិញ្ញាបត្រពីសាលាជាតិកសិកម្មកំពង់ចាមចំនួន៤នាក់ (ជាស្រ្តី) ដោយទទួលបានប្រាក់បៀវត្ស ១លានរៀន។
បន្ទាប់បានពិនិត្យសកម្មភាពនៃដំណើរការ ធ្វើអាជីវកម្មរបស់សហគមន៍គួរឲ្យកោតសរសើររួចមក លោករដ្ឋមន្រ្តី បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរ ចំពោះភាពជោគជ័យដែលសហគមន៍ ទាំងមូលសម្រេចបាន ហើយបានជួយលើកទឹកចិត្តឲ្យបន្តខិតខំថែមទៀត ដោយត្រូវឈរលើគោលការណ៍បច្ចេកទេសត្រឹមត្រូវ ទាំងពូជ ការដាំដុះ ការផលិត ការប្រមូលផល វេចខ្ចប់ ស្តុកទុក និងដឹកជញ្ជូនទៅកាន់ទីផ្សារ ប្រកបដោយគុណភាព និងអនាម័យ ទើបធ្វើឲ្យផលិត ផលបន្លែ ផ្លែឈើនៅស្រស់ល្អ ឆ្លើយតបតាមតម្រូវការទីផ្សារ និងមានតម្លៃខ្ពស់។
ចំពោះអាជីវកម្មលើផលិតផលកសិកម្ម ទីផ្សារសហគមន៍ និងការធ្វើកសិកម្មតាមកិច្ចសន្យា លោករដ្ឋមន្ត្រីបានគាំទ្រឱ្យសហគមន៍ពង្រីកបន្ថែម ដើម្បីច្បាមយកកាលានុវត្តភាព ស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងបំណងប្រែក្លាយសហគមន៍ ឱ្យទៅជាសហគ្រាសខ្នាតមធ្យម និងធំនាពេលអនាគត ស្រូបយកកំលាំងពលកម្មក្នុងស្រុក ជាពិសេសនិស្សិត ដែលបានបញ្ចប់ការសិក្សារក្នុងប្រទេស។
លោក ក៏បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម ជួយធ្វើការបណ្តុះបណ្តាល អំពីកម្ចីឥណទាន ទីផ្សារ កិច្ចសន្យាកសិកម្ម និងបច្ចេកទេសកសិកម្ម ប្រមូលផល ឃ្លាំងស្តុក កែច្នៃ ដោយផ្តោតជាសំខាន់លើការប្រើប្រាស់ផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រពបន្លែ ការអនុវត្តកម្មវិធីកសិកម្មល្អ (GAP) ធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីអតិថិជន តាមរយ:គុណភាព និងសុវត្ថិភាពនៃផលិតផល៕