(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាខេត្ត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្ស ធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះប្រគល់ជូនប្រជាពលរដ្ឋចាស់ជរា ស្ត្រីមេម៉ាយ ដែលមានជីវភាពខ្វះខាតចំនួន ៦១គ្រួសារ មកពីឃុំទាំង៨ ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាសមាគមជាតិ ដែលជានិច្ចកាលតែងបានគិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ពិសេសជនរងគ្រោះ ជនងាយរងគ្រោះដោយមិនប្រកាន់ វណ្ណៈ ជនជាតិ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា ក៏បានជំរុញឱ្យអនុសាខាស្រុក ក៏ដូចជាក្រុមការងារកាកបាទក្រហម ឃុំ និងអ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវបន្តធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ និងបញ្ជ្រៀបការយល់ដឹងអំពីការឆ្លងនៃជម្ងឺកូវីដ១៩ ដ៏កាចសាហាវនេះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានជាប្រចាំក្នុងពេលដែលកម្ពុជា រកឃើញអ្នកឆ្លងថ្មីចំនួន ១ករណីបន្ថែម ខណៈអ្នកជំងឺម្នាក់ បានជាសះស្បើយ។
ប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរំលឹកថា ប្រសិនបើមានការសង្ស័យលើនរណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមទំនាក់ទំនងទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋងាយរងគ្រោះ ដែលខ្វះខាតជីវភាពទាំង ៦១គ្រួសារ រួមមាន៖ ជនចាស់ជរាគ្មានទីពឹង ២០នាក់, ជនមានពិការភាព ៥នាក់ ស្រ្តីមេម៉ាយក្រីក្រកូនច្រើន ២៦នាក់, កុមារកំព្រា ៥នាក់, និងអ្នកមានជំងឺរ៉ាំរ៉ៃ ៥នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០កំប៉ុង, អាវយឺត ២, ម៉ាស់ ៥បន្ទះ និងថវិកាចំនួន ២០,០០០រៀល៕