(កំពង់ស្ពឺ)៖ ក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបន្ថែមលើកិច្ចការងារស្នូល បង្ការ បង្ក្រាប សង្គ្រោះ និងដោយសារតែបញ្ហាវិបត្តិជាសកល នៃជំងឺរាតត្បាតកូវីដ-១៩ អង្គភាពរាជធានី/ខេត្ត ត្រូវតែបង្កើនការងារដាំដុះ និងចញ្ចឹមសត្វគ្រប់ប្រភេទ ក្នុងនោះរាប់ទាំងបុគ្គលផ្ទាល់ម្នាក់ៗតាមផ្ទះផងដែរ។
ជាក់ស្តែងអនុវត្តនៅបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងអង្គភាពចំណុះ បាននាំគ្នាសស្រាក់សស្រាំងលើការងារបង្កបង្កើនផល និងដាំដុះ ចញ្ចឹមសត្វគ្របៗ អង្គភាព។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រៅពីការងារស្នូល បំពេញតួនាទីការពារ ថែរក្សា សណ្តាប់ធ្នាប់សន្តិសុខសាធារណៈជូនពលរដ្ឋ អង្គភាព និងអង្គភាពចំណុះបានខិតខំនាំគ្នា ដាំដុះ ចញ្ចឹមសត្វ ដើម្បីតម្រូវការចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ ហើយអង្គភាពបានជំរុញបន្ថែមដល់បុគ្គលជាសមាជិកអាវុធហត្ថ ឱ្យខិតខំការងារដាំបន្លែបង្កានៅតាមផ្ទះរៀងៗខ្លួន ដើម្បីផ្គត់ផ្គង់ដល់គ្រួសារ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានបញ្ជាក់ថា មិនត្រឹមតែដាំដំណាំ បង្កបង្កើនផល ចញ្ចឹមសត្វដើម្បីជីវភាពរបស់អង្គភាព និងបុគ្គលនោះទេ អង្គភាពនិងចាត់បញ្ជូនក្រុមការងារត្រួតពិនិត្យវាយតម្លៃសម្រាប់កិច្ចការងារខាងលើ ដោយផ្តល់នៅលិខិតសសើរ ទាំងបុគ្គល និងអង្គភាពនីមួយៗផងដែរ ។
នៅថ្ងៃនេះដែរ អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំកម្លាំងប្រមូលផលជាក់ស្តែង ក្នុងនោះដកត្រកួនចំនួន ៤រង ស្មើនឹង៧០ គីឡូក្រាម ស្ពៃចំនួន ៤រង ស្មើនឹង ១០គីឡូក្រាម ចញ្ចឹមមាន់ទាំងថ្មី និងចាស់បាន ៥៤ក្បាល ក្នុងនោះត្រៀមដាំបន្លែគ្រប់ប្រភេទចំនួន ១០រង បន្ថែមទៀងផងដែរ៕