(កំពង់ឆ្នាំង)៖ វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលពលទាហានថ្មី បំពេញក្របខ័ណ្ឌកងទ័ពជើងគោក ឆ្នាំ២០២០ ដែលមានរយៈពេល ៣ខែ ចំនួន ១៥៥នាក់ ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ នៅសាលាពលទាហាន យោធភូមិភាគពិសេស ខេត្តកំពង់ឆ្នាំង។
ការបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី ដើម្បីបំពេញក្របខ័ណ្ឌកងទ័ពជើងគោក បានធ្វើឡើងក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធ ភូមិភាគពិសេស តំណាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក អមដំណើរពីមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ ពិសេសនាយកសាលា នគបាលភូមិភាគទី៦ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅក្នុងសាលាហ្វឹកហ្វឺនពលទាហ៊ានរបស់យោធភូមិភាគពិសេស ដែលស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នាយកសាលាហ្វឹកហ្វឺនពលទាហានរបស់យោធភូមិភាគពិសេស លោកឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន បានអាននូវរបាយការណ៍ ស្ដីពីលទ្ធផលពលទាហានថ្មីបំពេញក្របខណ្ឌកងទ័ពជើងគោក ឆ្នាំ២០២០នេះថា ការហ្វឹក ហ្វឺនពលទាហានថ្មីនាពេលនេះ គឺជាលើកទី ២ហើយ ដែលសាលាពលទាហាន យោធភូមិភាគពិសេស បានអនុវត្តយ៉ាងសកម្មតាមផែនការរបស់អគ្គបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ និងជាកងទ័ពជើងគោក ។
នាយកសាលាហ្វឹកហ្វឺនពលទាហានរបស់យុទ្ធភូមិភាគពិសេស បានបញ្ជាក់ថា ដោយយោងតាមការអនុវត្តតាមផែនការខាងលើ សាលាពលទាហានបានសហការជាមួយអនុគណៈកម្មការហ្វឹកហ្វឺនយោធភូមិភាគ និងក្រុមការងារហ្វឹកហ្វឺនយោធភូមិភាគ ដំណើរការរៀបចំធ្វើជាសេនាធិការ ក្នុងការបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២០ ដែលមានរយៈពេល ៣ខែ ស្មើនឹង៩១ថ្ងៃ ក្នុងនោះលំហាត់របៀប ឋានៈលេខា កីឡា ក្បាច់គុណ វិន័យយោធា ជំនាញភស្តុភា ពេទ្យ បច្ចេកទេសអាវុធថ្មើជើង យុទ្ធវិធីថ្មើរជើង អប់រំយុទ្ធសាស្ត្រ និងបាញ់គ្រាប់ពិត។
នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្រប ខ័ណ្ឌកងទ័ពជើងគោក ឆ្នាំ២០២០ ក៏បានបង្ហាញពីការធ្វើសច្ចាប្រណិធានរបស់សិក្ខាកាមយោធាថ្មី យុទ្ធដំណើរ ការសម្តែងក្បាច់គុណ និងការបាញ់គ្រាប់ពិត ជូនគណៈអធិបតីទស្សនាផងដែរ។
ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានថ្លែងនូវការកោតសរសើរពីនាយកគ្រប់គ្រងសាលា យោធាចារ្យ ក្នុងរយៈពេលហ្វឹកហ្វឺន៣ខែមកនេះ គឺទទួលបានជោគជ័យ រហូតដល់ពេលបិតវគ្គហ្វឹកហ្វឺន។
មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស បានផ្តាំផ្ញើដល់សិក្ខាកាមពល ទាហានថ្មី ដែលបានបញ្ចប់វគ្គបិទវេននៅពេលនេះ ហើយត្រូវបានបញ្ជូនទៅកាន់អង្គភាពផ្សេងៗ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ការពារដាច់ខាតជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ នៅគ្រប់អាណត្តិ និងប្រឆាំងដាច់ខាតនូវរាល់ការបដិវត្តន៍ពណ៌ និងព័ត៌មានមិនពិត ពិសេសប្រឆាំងដាច់ខាតរាល់ទង្វើណា ដែលជាការប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល ដែលប្រសូតចេញពីឆន្ទៈរបស់រាស្ត្រ។
បញ្ចប់ពិធីខាងលើនេះ ក៏មានការប្រគល់លិខិតបញ្ជាក់ការសិក្សា សិស្សពលទាហានថ្មី ចំនួន១៥៥នាក់ ក្នុងនោះសិស្សពលទាហានថ្មី ទទួលបាននូវលិខិតសរសើរចំនួន ៧៨នាក់ និងក្រុមប្រតិបត្តិទាំងបួនរបស់សាលាពលទា ហានយោធភូមិភាគពិសេស ទទួលបានលិខិតសរសើរពីកងទ័ពជើងគោកចំនួន ១០នាក់ និងយោធភូមិភាគចំនួន ១៤នាក់ផងដែរ៕