(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះតាមរយៈ Facebook ផ្លូវការរបស់ខ្លួនបានបញ្ជាក់ឲ្យដឹងថា សកម្មភាពកៀរគរថវិកាបរិច្ចាគ នៅតាមដងផ្លូវរបស់បុគ្គល និងក្រុមមួយចំនួនដែលមិនមានការអនុញ្ញាតពីមូលនិធិគន្ធបុប្ផាកម្ពុជា នៅតែបន្តកើតមាន។
ដោយសង្កេតឃើញបែបនេះ លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានធ្វើការផ្សព្វផ្សាយឡើងវិញ នូវសេចក្ដីសម្រេច ស្ដីពីក្រមសីលធម៌សម្រាប់បុគ្គលកៀរគរ និងប្រមូល ឬទទួលវិភាគទានបរិច្ចាគសប្បុរសធម៌ សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលកំណត់អំពីយន្តការ និងវិធានការ ចំពោះបុគ្គលកៀរគរ និងប្រមូលអំណោយ ឬបុគ្គលទទួលវិភាគទានសប្បុរសធម៌ទាំងនោះ។
ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តដល់បុគ្គល ឬក្រុមបុគ្គលទាំងអស់ ដែលមានបំណងចូលរួមកៀរគរមូលនិធិសប្បុរសធម៌ សូមធ្វើការទំនាក់ទំនង មកលេខាធិការដ្ឋានរបស់មូលនិធិ ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សា និងទទួលបានសម្បទា ក្នុងការកៀរគរនូវមូលនិធិសប្បុរសធម៌ ដើម្បីគាំទ្រដល់កិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា។
លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា សូមបញ្ជាក់ជូនថា រហូតមកដល់ពេលនេះ មូលនិធិគន្ធបុប្ផាកម្ពុជា មិនទាន់បានអនុញ្ញាតជាផ្លូវការដល់បុគ្គល ឬក្រុមណាមួយ ដែលមានបំណងចូលរួមកៀរគរនូវមូលនិធិសប្បុរសធម៌ សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា នៅឡើយទេ ក្រៅពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៧ ដែលជាដៃគូ៕