(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល ជាមួយយុវជនគណបក្សស្រុក និងចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣៥គ្រួសារ ក្នុងស្រុកអូររាំងឪ សរុបថវិការជាង១៥លានរៀល។
ក្នុងនោះមានការអញ្ជើញចូលរួមពី លោក រ័ត្ន វិរៈ អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក លោក ប៊ុនប៉ា ម៉ារីលុច ប្រធានក្រុមជនបង្គោលស្រុក លោក ងួន ប៊ុណ្ណាន ប្រធានគណៈកម្មាធិការគណបក្សស្រុក និងសមាជិក សមាជិកាយុវជនគណបក្សស្រុក-ឃុំ។
មានប្រសាសន៍នាឱកាសនោះ លោក ចាយ បូរិន បានសំណេះសំណាល និងពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងបានណែនាំអំពីវិធានការការពារមួយចំនួន តាមរយៈការស់នៅមានអនាម័យស្អាតជាប្រចាំ ក្នុងសកម្មភាពចូលរួមទប់ស្កាត់អោយបាននៅរលកទីពីរ នៃការរាតត្បាតជម្ងឺកូវីដ-១៩ នៅកម្ពុជា ។
លោក ចាយ បូរិន ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់សូមឲ្យមានការជឿជាក់លើអាជ្ញាធរមូលដ្ឋាន ហើយកុំស្តាប់នូវព័ត៌មានក្លែងក្លាយ ឬបំពុលសង្គម គឺត្រូវតាមដានឲ្យបានត្រឹមត្រូវ ជាពិសេសព័ត៌មានដែលក្រសួងសុខាភិបាលបានផ្សព្វផ្សាយ ហើយក៏សូមឲ្យប្រជាពលរដ្ឋសម្រេចចិត្តបោះឆ្នោតឲ្យបានត្រឹមត្រូវ កុំជឿការញុះញ៉ង់ តាមរយៈព័ត៌មានមិនពិតផ្សេងៗ។
ក្នុងឱកាសនោះដែរ លោក ចាយ បូរិន ក៏បានអញ្ជើញចែកជូនអំណោយមនុស្សធម៍ជូនប្រជាពលរដ្ឋ ចំនួន៣៥គ្រួសារ ក្នុងបណ្តាឃុំទាំង៧ ស្រុកអូររាំងឪ ដោយ០១គ្រួសារៗទទួលបាន អង្ករ២៥គ.ក្រ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ សាប៊ូលាងដៃ០២ដុំ ទឹកបរិសុទ្ធ០១កេស អាល់កុល០២ដប ខិត្តប័ណ្ណផ្សព្វផ្សាយ០២សន្លឹក និងថវិកាចំនួន២០,០០០រៀល។
ដោយឡែក នៅព្រឹកថ្ងៃដដែលនេះដែរ លោក ចាយ បូរិន ក៏បានអញ្ជើញបន្តជួបសំណេះសំណាល ជាមួយយុវជន គណបក្សស្រុកនិងឃុំជាង៥០នាក់ ដោយលើកឡើងអំពីគោលការណ៍របស់គណបក្ស និងសូមឲ្យបង្កើតនូវមូលនិធិយុវជនគណបក្សស្រុក ពិសេសបានលើកយកនូវបញ្ហារបស់គណបក្សប្រឆាំង ដែលតែងតែញុះញ៉ង់បំពុលសង្គម។
ជាមួយគ្នានោះ លោក ចាយ បូរិន បានសំណូមពរឲ្យក្រុមការងារយុជន ចុះជួយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយទៅដល់មូលដ្ឋាន អំពីបញ្ហានៃជម្ងឺកូវីដ-១៩ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាប និងការពារការរីករាលដាលនៃជម្ងឺនេះ និងជម្រុញឲ្យប្រជាពលរដ្ឋចូលរួមបង្កបង្កើនផលឲ្យបានទាន់ពេលវេលា នារដូវវស្សាខាងមុខនេះ ហើយគណបក្សស្រុកត្រូវយកចិត្តទុកដាក់ក្នុងការងារកសាងសមាជិកគណបក្សឲ្យបានតាមផែនការ និងការណែនាំរបស់គណបក្សខេត្ត។
នាឱកាសនោះដែរ លោក ចាយ បូរិន ក៏បានឧបត្ថម្ភថវិកាចំនួន២,០០០,០០០រៀលដល់គណបក្សស្រុក និងឧបត្ថម្ភសម្ភារៈ ថវិកាដល់យុវជនគណបក្សស្រុករួមមាន៖ ម៉ាស់៤៦ប្រអប់ អាល់កុល៤៦ដប ក្រម៉ា៤៦ អាវរងារគណបក្ស៥០ និងថវិកា១,០០០,០០០រៀល។
សូមជម្រាបថា កម្មវិធីខាងលើចំណាយថវិកាអស់ចំនួន ១៥,១២១,៥០០រៀល ដែលជាការឧបត្ថម្ភផ្ទាល់របស់ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ៕