(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ទោ ស សាវី នាយករងវិទ្យាស្ថានហ្វឹកហ្វឺនបណ្ដុះបណ្ដាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលបានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដោយសារជំងឺកូវីដ១៩ នៅប្រទេសម៉ាលី។
តាមនាមឱ្យគ្រួសារ (ស.ស.យ.ក) លោក ហ៊ុន ម៉ានី បានឱ្យដឹងថា ការបាត់បង់លោកឧត្តមសេនីយ៍ទោ ស សាវី គឺជាការបាត់បង់យោធិនកម្ពុជាដ៏ឆ្នើមមួយរូបដែលបានបំពេញភារកិច្ចតំណាងប្រទេសជាតិក្នុងបុព្វហេតុមនុស្សធម៌ និងរក្សាសន្តិភាព។
គ្រួសារ ស.ស.យ.ក ទាំងមូល បានរំលែកទុក្ខដ៏ក្រៀមក្រំយ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមបួងសួងឲ្យដ៍ងវិញ្ញាណក្ខ័ន្ធរបស់ឯកឧត្តមឧត្តមសេនីយ៍ទោបានទៅដល់សុគតិភពកុំបីឃ្លៀងឃ្លាត។ ទន្ទឹមនឹងនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាកម្លាំងសន្តិភាពរបស់កម្ពុជាទាំងអស់ សូមបាននៅសុខសុវត្ថិភាពគ្រប់ពេលវេលា និងជៀសផុតពីគ្រោះកាចទាំងឡាយ»។
សូមជម្រាបថា លោកឧត្ដមសេនីយ៍ទោ ស សាវី បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ក្នុងពេលដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី៕