(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំសហការី មន្ត្រីរាជការ ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌របស់ សមាគមសង្គហមិត្ត មន្រ្ដីរាជការ នៃ អ.គ.រ (សសមអគរ) ប្រគល់ជូនសមាគម «ស៊ីក្លូកម្ពុជា» ដែលប្រពឹត្តិនៅតំបន់អភិវឌ្ឍន៍ OCIC នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងកិច្ចសំណេះសំណាលសួរសុខទុក្ខបងប្អូនជាអ្នកធាក់ស៊ីក្លូ លោកស្រី ឡុង សុខហ៊ួយ ប្រធានសមាគមស៊ីក្លូកម្ពុជា បានសម្តែងការគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូន សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការបង្កើតសមាគមស៊ីក្លូកម្ពុជា តាំងពីឆ្នាំ២០១៣ និងការផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកធាក់ស៊ីក្លូ ចំនួន ៧,០០០រៀល ជារាងរាល់ថ្ងៃដើម្បីជួយទ្រទ្រង់ជីវភាពអ្នកធាក់ស៊ីក្លូ (ប្រមាណ ៣០០នាក់) និងអភិរក្សស៊ីក្លូ ដែលជាអត្តសញ្ញាណមួយរបស់កម្ពុជា ឱ្យមានវត្តមានយូរអង្វែងតទៅមុខទៀត។
នាឱកាសនេះ លោកបណ្ឌិត គុណ ញឹម បានសម្តែងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះសមានចិត្តដ៏ថ្លៃថ្លារបស់ប្រមុខដឹកនាំ រាជរដ្ឋាភិបាលដែលតែងតែគិតគូរដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់កាលៈទេសៈ ដោយគ្មានការរើសអើងសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
លោកបណ្ឌិត ក៏បានបង្ហាញពី (ស.ស.ម.អ.គ.រ) ដែលបានបង្កើតឡើងក្នុងបេសកកម្មជួយមន្ត្រីគយនិងរដ្ឋាករ ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា ដែលជួបការលំបាក និងក្រុមជនដែលងាយរងគ្រោះដោយសារកត្តាផ្សេងៗ។ ជាក់ស្តែងអ្នកធាក់ស៊ីក្លូនៅកម្ពុជា ដែលជាក្រុមជនងាយរងគ្រោះមួយ ដោយសារវិបត្តិកូវីដ១៩ គឺជាគោលដៅទី៧ នៃការផ្តល់ជំនួយឧត្ថម្ភរបស់ (សសមអគរ)។ ថ្វីត្បិត អំណោយដែលចែកជូននេះមិនអាចជួយទ្រទ្រង់ជីវភាពបានយូរអង្វែងក្តី ប៉ុន្ដែនេះ ជាការចូលរួមផ្ដល់ជាកម្លាំងចិត្តជូនបងប្អូនអ្នកធាក់ស៊ីក្លូក្នុងការបន្ដពុះពារការលំបាកបានមួយគ្រា និងក៏ដូចជា៖ ការចូលរួមចំណែកគាំទ្រដល់ គំនិតផ្តួចផ្តើមរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្នុងសកម្មភាពអភរិក្សស៊ីក្លូផងដែរ។
លោកបានបន្តថា ដោយស្ថានភាពវិបត្តិកូវវីដ១៩ នៅតែបន្តរាតត្បាតជាសកល ហើយពិភពលោកនៅតែពុំទាន់រកថ្នាំព្យាបាល និងវ៉ាក់សាំងការពារជំងឺនេះឱ្យប្រាកដនៅឡើយ លោកក៏បានរំឮកដល់បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការរក្សាអនាម័យផ្ទាល់ខ្លួន ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ពាក់ម៉ាស់ ឬក្រម៉ា ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយដែល (ស.ស.ម.អ.គ.រ) នាំយកមកជូនសមាគមស៊ីក្លូកម្ពុជានាថ្ងៃនេះ សម្រាប់ចែកជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូ ចំនួន ១២០រូប ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ ១០គីឡូក្រាម, មី ១កេសតូច, ត្រីខ ៦កំប៉ុង, ទឹកស៊ីអ៊ីវ ១ដប, សាប៊ូម្សៅ ១កញ្ចប់ (១គ.ក្រ), សាប៊ូដុំលាងដៃ ២ដុំ, ប្រេងកូឡា ១ប្រអប់, ក្រម៉ា ១, ម៉ាស់ ១០បន្ទះ រួមនឹងថវិកាមួយចំនួន ផងដែរ៕