(កណ្តាល)៖ កម្មករនិយោជិត នៅក្នុងភូមិសាស្រ្តតំបន់អភិវឌ្ឍន៍ 7NG ចំនួន៦រោងចក្រ ចំនួន៦៩៩១នាក់ ទទួលបានអំណោយម៉ាស និងសាប៊ូលាងសំអាតដៃ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។
ដោយមានការឯកភាពពីលោកស្រី ងួន សុខា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកចលនាសហជីព និងកម្មករប្រចាំស្រុកច់កណ្តាល ស្រុកល្វាឯម និងស្រុកគៀនស្វាយ ខេត្តកណ្តាល, ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លោក សួង ម៉េងគា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកចលនាសហជីព និងកម្មករប្រចាំស្រុកខ្សាច់កណ្តាល បានដឹកនាំក្រុមការងារចូលរួមជាមួយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ចុះចែកម៉ាស់ និងសាប៊ូ ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់ជូនតាមរយៈ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។
ការចែកម៉ាស និងសាប៊ូលាងដៃនេះ ក្នុងគោលបំណងចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺរលាកផ្លូវធ្ងន់ធ្ងរកូវីដ១៩ ដោយកម្មករនិយោជិតម្នាក់ទទួលបានម៉ាស់ចំនួន២ និងសាប៊ូចំនួន១ដុំ។
ជាមួយគ្នានេះ លោក សួង ម៉េងគា និងលោក គង់ សោភ័ណ្ឌ បានផ្តាំផ្ញើឲ្យបងប្អូនកម្មករនិយោជិត ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារសុខភាព និងធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវិដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅឡើយទេ និងត្រូវចងចាំថា «យើងភ្លេចកូវីដ១៩ ប៉ុន្តែកូវីដ១៩មិនភ្លេចយើងនោះទេ»៕