(ព្រះសីហនុ)៖ ថ្លែងចេញពីខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាថ្មីម្ដងទៀតថា ប្រទេសកម្ពុជា គ្មាន និងមិនអនុញ្ញាតឲ្យមូលដ្ឋានកងទ័ពបរទេសណាមកបោះទីតាំង ដើម្បីប្រឆាំងជាមួយប្រទេសផ្សេងណាមួយនោះទេ។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន ក៏បានអះអាងព្រមគ្នាថា ប្រទេសកម្ពុជា ក៏មិនបានបញ្ជូនកងទ័ពរបស់ខ្លួនទៅក្រៅប្រទេស ក្រៅពីការបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិឡើយ។

ការប្រកាសជាថ្មីរបស់នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់កម្ពុជា ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានទូតមួយនៅតែបន្តនិយាយថា មូលដ្ឋានសមុទ្ររាម ត្រូវបានផ្តល់ផ្តាច់មុខឲ្យទ័ពចិន។ ត្រង់ចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ត្រឡប់ទៅវិញថា ជាការនិយាយដែលគ្មានមូលដ្ឋានច្បាស់លាស់ និងមានចេតនាអ្វីមួយ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «យើងគ្មានគោលការណ៍ណាមួយ ដើម្បីផ្ដល់ឲ្យបរទេសណាប្រើប្រាស់ នូវមូលដ្ឋានក្នុងប្រទេសរបស់យើង ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញារបស់យើងទេ។ ខ្ញុំបានបញ្ជាក់ច្រើនលើកហើយ កម្ពុជាសូមបញ្ជាក់សារជាថ្មីថា កម្ពុជា ជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព កម្ពុជាមិនចូលរួមជាមួយអ្នកនេះ ប្រឆាំងអ្នកនោះ។ មិនអនុញ្ញាតឲ្យមានទីតាំងយោធាបរទេស នៅលើទឹកដីរបស់ខ្លួន ហើយយើងក៏មិនបោះទីតាំងយោធារបស់យើងនៅលើទឹកដីបរទេសលើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ»

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យផ្តល់មូលដ្ឋានទ័ពបរទេសលើទឹកដីកម្ពុជានោះឡើយ ហើយមូលដ្ឋានជើងទឹករាម ស្វាគមន៍គ្រប់នាវាបរទេសទាំងអស់ ដែលចូលមកសំចតនិងធ្វើសមយុទ្ធជាមួយកម្ពុជា។

មានប្រសាសន៍ដល់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិថា ប្រសិនបើមានប្រទេសណាស្នើសុំធ្វើសមយុទ្ធរួមគ្នា ត្រូវឆ្លើយឯកភាពភ្លាមៗ ហើយបើសិនគេចង់ធ្វើស្អែកក៏បានដែរ។

ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា មជ្ឈមណ្ឌលលំហសមុទ្រ បានរើពីទីតាំងចាស់មកទីតាំងថ្មី ព្រោះមន្ដ្រីជំនាញបានសិក្សាឃើញថា មជ្ឈមណ្ឌលលំហសមុទ្រត្រូវតម្រូវឲ្យទៅធ្វើនៅកន្លែងផ្សេង។ សម្ដេចប្រកាសទៀតថា កម្ពុជា ស្វាគមន៍គ្រប់បរទេសទាំងអស់ដែលចង់ផ្ដល់ជំនួយ៕