(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានអះអាងថា ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចមួយដ៏មានសក្ដានុពលសម្រាប់កម្ពុជា បានក្លាយទៅជាខេត្តអភិវឌ្ឍន៍ពហុជាតិសាសន៍ ដែលត្រូវបាននិងកំពុងបណ្ដាក់ទុនវិនិយោគនៅទីនោះយ៉ាងច្រើនកុះករ។
ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយបញ្ចប់ការចុះពិនិត្យដំណើរការសាងសង់ផ្លូវថ្នល់ចាក់បេតុង ចាប់ពីតំបន់ឆ្នេរសមុទ្ររាម ឆ្ពោះមកកាន់ឆ្នេរអូត្រេះ និងអូឈើទាល។
បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា មូលហេតុដែលខេត្តព្រះសីហនុ បានក្លាយទៅជាក្រុងអភិវឌ្ឍពហុជាតិសាសន៍ ដោយសារក្នុងនោះជប៉ុនជួយសាងសង់កំពង់ផែទឹកជ្រៅ, បារាំងអភិវឌ្ឍន៍អាកាសយានដ្ឋាន, ចិន និងម៉ាឡេស៉ី អភិវឌ្ឍន៍រោងចក្រថាមពលអគ្គិសនី និងក្រុមហ៊ុនជាច្រើនទៀត សាងសង់សណ្ឋាគារ និងភោជនីយដ្ឋាន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អញ្ចឹងបើយើងពិនិត្យមើលនៅទីនេះ ខេត្តព្រះសីហនុ គឺជាខេត្តចូលរួមអភិវឌ្ឍន៍ដោយពហុជាតិសាសន៍។ ជប៉ុនបានផ្តល់ហិរិញ្ញប្បទាន និងជួយយើងឲ្យពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដែលនេះខ្ញុំបាននិយាយជាមួយនាយករដ្ឋមន្ត្រី ហ្ស៉ីនហ្សូអាបេ ឲ្យបន្តការខិតខំ ដើម្បីធ្វើយ៉ាងម៉េចឲ្យកំពង់ផែរបស់យើងនេះ ក្លាយជាកំពង់ផែទឹកជ្រៅ ដែលមានជម្រៅ ១៤ម៉ែត្រកន្លះ ឲ្យបានឆាប់បំផុត ដើម្បីចៀសវាងការដឹកជញ្ជូន ដែលត្រូវផ្ទេរនៅសិង្ហបូរី ឬផ្ទេរនៅវៀតណាម រួចហើយទើបចូលមកកម្ពុជា»។
សម្តេចមានប្រសាសន៍បន្តថា «ឯកាវិនិយោគអាកាសយានដ្ឋាន ឥឡូវកំពុងគ្រប់គ្រងដោយក្រុមហ៊ុនវ៉ាងស៉ីរបស់បារាំង ហើយនៅក្នុងឆ្នាំ២០២០នេះ ផ្លូវរត់ចម្ងាយ ៣៨០០ម៉ែត្រ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២០នេះឯង។ ឯស្ថានីយ៍ទទួលអ្នកដំណើរ គាត់ប្តេជ្ញាថានឹងធ្វើឲ្យរួចនៅឆ្នាំ២០២២។ រោងចក្រអគ្គិសនីយ៉ាងច្រើននៅទីនេះ មាន៤ ត្រូវបានបង្កើតដោយក្រុមហ៊ុនម៉ាឡេស៉ី និងក្រុមហ៊ុនចិន ដែលបញ្ចេញថាមពលទៅរាជធានីភ្នំពេញ និងទូទាំងប្រទេស ដែលឥឡូវបរិមាណប្រមាណជា ១ពាន់មេហ្កាវ៉ាត់ ហើយយើងនឹងត្រូវបន្ថែមជាបន្តបន្ទាប់ទៀតដូចការសិក្សា។ នេះជារោងចក្រអគ្គិសនី ដើរដោយថាមពលធ្យូងថ្ម។ បណ្ដាសណ្ឋាគារ និងភោជនីយដ្ឋាននានា ត្រូវបានវិនិយោគដោយច្រើនជាតិសាសន៍»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ទៅថ្ងៃខាងមុខក្រុងព្រះសីហនុ អាចក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុផងដែរ ហើយអះអាថា កោះនៅស្រុកខ្មែរមួយចំនួន ពេលនេះតម្លៃសឹងតែថ្លៃជាងប្រទេសមួយ ប៉ុន្តែនៅតែមានអ្នកទេសចរទៅលេង។ សម្តេចតេជោ បានឲ្យដឹងទៀតថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ក្នុងនោះ មាន១កន្លែងត្រូវបានវិនិយោគដោយចិន និងមួយកន្លែងទៀត ត្រូវបានវិនិយោគដោយជប៉ុន។
គួរបញ្ជាក់ថា ដោយសារការអភិវឌ្ឍនៅខេត្តព្រះសីហនុ មានល្បឿនយ៉ាងគំហុក សម្តេចតេជោ ហ៊ុន សែន បានបំផុសគំនិតឲ្យសាងសង់ផ្លូវ ៣៤ខ្សែ យ៉ាងប្រណីតៗ។ គិតមកដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ផ្លូវទាំងនេះបានស្ថាបនាបាន ៩៤ភាគរយហើយ៕