(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានចុះកិច្ចព្រមព្រៀងរួមគ្នាជាមួយតំណាងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិចំនួន ៤ (អង្គការ ILO, UNESCO, UNICEF និង UNIDO) ដោយមានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ដើម្បីអនុវត្តកម្មវិធីការងារសមរម្យសម្រាប់យុវជន (DEY) ដំណាក់កាលទី២ ក្នុងការបន្តលើកកម្ពស់ការងារសមរម្យរបស់យុវជន និងកាត់បន្ថយវិសមភាពនៅក្នុងប្រទេស។

ពិធីចុះកិច្ចព្រមព្រៀងនេះធ្វើឡើងក្រោមសហប្រធានក្រុមប្រឹក្សាគម្រោង លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីក្រសួងការងារ។

ថវិកាសរុបសម្រាប់កម្មវិធី DEY ដំណាក់កាលទី២ គឺមានចំនួន ៨.៤៨ លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ចំនួន ៤ លានដុល្លារជាថវិកាផ្តល់ដោយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងចំនួន ៤.៤៨ លានដុល្លារទៀត ជាថវិកាដែលបានមកពីមូលនិធិស្នូលរបស់ទីភ្នាក់ងារ ដែលចូលរួមនៅក្នុងកម្មវិធីនេះពីអ្នកផ្តល់ជំនួយដទៃទៀត ពីវិស័យឯកជន ពីរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះមានរយៈពេល ៤ ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

កម្មវិធីនេះនឹងផ្តល់ឱ្យយុវជនដែលបោះបង់ការសិក្សា និងងាយរងគ្រោះនូវកញ្ចប់ការសិក្សាប្រកបដោយនវានុវត្តន៍ ដែលរួមបញ្ចូលនូវជំនាញបច្ចេកទេស ជំនាញសហគ្រិន ជំនាញទន់ និងការធ្វើពាណិជ្ជកម្ម ក៏ដូចជាការណែនាំពីមុខរបរដែលកំពុងមានតម្រូវការ ដើម្បីធានាថាពួកគេអាចបំពេញតាមតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនជាស្រេចសម្រាប់ការងារប្រកបដោយគុណភាព។

លោកស្រី Pauline Tamesis បានថ្លែងថា ទាក់ទងទៅនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមដោយសារការរាលត្បាតនៃជំងឺកូវីដ-១៩នេះ ប្រទេសកម្ពុជាក៏កំពុងប្រឈមនឹងបញ្ហាការផ្លាស់ប្តូរបរិយាកាសប្រព័ន្ធឌីជីថល និងប្រជាសាស្ត្រ។ យុវជនជាស្រី្ត និងបុរសវ័យក្មេងចំនួន ១៦០,០០០នាក់ បានចូលទៅក្នុងទីផ្សារការងារជារៀងរាល់ឆ្នាំ និងត្រូវការជាខ្លាំងនូវជំនាញ និងសមត្ថភាពក្នុងការដោះស្រាយនូវបញ្ហាទាំងអស់នេះ។

លោកស្រី Pauline បានបន្តថា កម្មវិធីដំណាក់កាលទី២នេះនឹងទាញយកផលប្រយោជន៍ពីការចូលរួមរបស់វិស័យឯកជន រួមមាន៖ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក្នុងបេសកកម្មសម្របសម្រួលការផ្លាស់ប្តូរពីសាលារៀនទៅកន្លែងធ្វើការ និងការចូលរួមកាត់បន្ថយការមិនស៊ីចង្វាក់គ្នានៃជំនាញរបស់យុវជនវ័យក្មេងនៅកម្ពុជា។

លោកស្រី Carin Salerno ក៏បានថ្លែងដែរថា ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) រីករាយក្នុងការចូលរួម និងបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ដើម្បីគាំទ្រយុវជនវ័យក្មេងនៅក្នុងប្រទេស ជាពិសេសជនដែលរងគ្រោះដោយជំងឺរាលត្បាត ដើម្បីជំនះនឹងបញ្ហាការងារនាពេលបច្ចុប្បន្ន និងត្រៀមខ្លួនជាស្រេចសម្រាប់តម្រូវការការងារនាថ្ងៃអនាគត បន្ទាប់ពីគ្រោះមហន្តរាយនេះ។

លោក អ៉ិត សំហេង បានមានប្រសាសន៍ថា ក្នុងអំលុងពេលនៃការរាលត្បាតនៃជំងឺកូវីដ-១៩នេះ កម្មវិធីនេះក៏ជួយគាំទ្រផ្នែកគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ-១៩ និងបន្ទាប់ពីជំងឺកូវីដ-១៩។

សូមជម្រាបថា កម្មវិធីការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី២នេះ មានគោលបំណងគាំទ្រដល់ស្ត្រី និងបុរសវ័យក្មេងនៅកម្ពុជា ដើម្បីឱ្យពួកគេកាន់តែអាចទទួលបានឱកាសសមរម្យប្រកបដោយផលិតភាព តាមរយៈការធានាឱ្យពួកគេកាន់តែមានលទ្ធភាពឆ្លើយតបចំពោះតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនដើម្បីទទួលបានការងារប្រកបដោយគុណភាព។ សរុបមក មានយុវជន ១៧០.០០០នាក់ (ស្រី ៥០%) នឹងទទួលបានផលដោយផ្ទាល់ពីកម្មវិធីការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី២នេះ។

ដើម្បីសម្រេចបានលទ្ធផល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យបានជាអតិបរមានៅក្នុងដំណាក់កាលទី២នេះ កម្មវិធី DEY នឹងផ្តោតជារួមលើគ្រប់សកម្មភាពទាំងអស់ក្នុងវិស័យចំនួន ៤ មាន៖ ទេសចរណ៍ កសិឧស្សាហកម្ម សំណង់ និងកម្មន្តសាល៕