(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានលើកឡើងថា បើសិនជាបងប្អូនប្រជាពលរដ្ឋ មិនចង់ឲ្យប៉ូលិសចរាចរណ៍បានលុយច្រើន ក្នុងការផាកពិន័យ ការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកនោះ បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្រុងព្រះសីហនុ ដែលជាផ្លូវ នៃផែនការយុទ្ធសាស្ត្រ ក្នុងការធ្វើឲ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនបើប្រជាពលរដ្ឋរបស់យើង គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ប៉ូលីសរកតែមួយសេន ក៏មិនបានដែរ ព្រោះបានពីណាផាក បើគេគោរពច្បាប់ទាំងអស់គ្នាហើយ យើងកុំតែធ្វើខុសច្បាប់ ពេលជិះម៉ូតូពាក់មួកឲ្យតែត្រឹមត្រូវ កុំនិយាយទូរស័ព្ទកំពុងពេលជិះម៉ូតូ ជិះឡាន...ចឹងចង់បង្អត់បាយប៉ូលីស កុំឲ្យមានប៉ូលីសមានប្រាក់រង្វាន់ វិធីតែមួយគត់គោរពច្បាប់ចរាចរណ៍»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មានមតិមួយចំនួន បានរិះគន់ថា ការអនុវត្ដរឹតបន្ដឹងចរាចរណ៍ផ្លូវគោក ផាកពិន័យដើម្បីយកលុយ មកបើកប្រាក់ខែឲ្យប៉ូលីស ទាហាន ព្រោះអត់លុយបើកប្រាក់ខែ ប៉ុន្ដែសម្ដេចបានប្រាប់ទៅវិញថា ការធ្វើបែបនេះ គឺដើម្បីការពារអាយុជីវីតប្រជាជន តាមរយៈការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ហើយបើចង់កុំឲ្យប៉ូលីសមានលុយ វិធីតែមួយគត់គោរពច្បាប់ចរាចរណ៍។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្ដអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរក្សាជីវិតខ្លួនឯង និងជីវិតអ្នកដទៃ តាមពាក្យស្លោក «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ផងដែរ។
បើតាមនាយកឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល១ខែ នៃការអនុវត្តន៍ការរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ កម្លាំងនគរបាលចរាចរណ៍ បានផាកពិន័យយានយន្ត បានទឹកប្រាក់ប្រមាណ៣ពាន់លានរៀល ដែលស្មើនឹងប្រមាណជាង៧០ម៉ឺនដុល្លារអាមេរិក។
នាយកឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបន្ថែមទៀតថា ក្នុងរយៈពេលមួយខែមកនេះ ក៏មានមន្ដ្រីនគរបាលចរាចរណ៍ ចំនួន៥នាក់ ត្រូវបានដកហូតមុខតំណែង និងព្យួរការងារជាបណ្ដោះអាសន្ន ដោយអនុវត្តលើស ពីអ្វីដែលបានកំណត់ និងបំពានច្បាប់ចរាចរណ៍ផងដែរ។ ការលើកឡើងនេះ ក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលរយៈពេលមួយខែ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ។
គូសបញ្ជាក់ថា រយៈពេល០១ខែ (គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះ មានទោចក្រយានយន្ត និងត្រីចក្រយានយន្ត ចំនួន៣២,៧២៦ករណី ស្មើនឹង៧៣% និងរថយន្តគ្រប់ប្រភេទចំនួន១២,០៣៩ករណី ស្មើនឹង២៧%។
បើប្រៀបធៀបរយៈពេលដូចគ្នា នៃខែឧសភា ឆ្នាំ២០១៩ ឃើញថា ស្ថានភាពចរាចរណ៍មាន ភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ១៣០លើក ស្មើ៣៧% (២១៨/៣៤៨ លើក) អ្នកស្លាប់ថយចុះ៤២នាក់ ស្មើ២៧% (១១៣/១៥៥នាក់) អ្នករបួសថយចុះ ១៦២នាក់ ស្មើ៣២% (៣៤២/៥០៤នាក់)។ ប៉ុន្តែបើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៨លើក ស្មើ១១% (២១៨/២៤៦លើក) អ្នកស្លាប់ថយចុះ ១៤នាក់ ស្មើ១១% (១១៣/១២៧នាក់) អ្នក របួសថយចុះ២៦នាក់ ស្មើ៧%(៣៤២/៣៦៨នាក់)៕