(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងសារ រិះគន់ប្រទេសមួយចំនួន ដែលបានវាយប្រហារលើផ្នែកសុខាភិបាលកម្ពុជា ខណៈដែលប្រទេសនោះ កំពុងមានមនុស្សស្លាប់ដោយសារកូវីដ១៩ ជាបន្តបន្ទាប់ ហើយកម្ពុជាមិនមានអ្នកជំងឺកូវីដ១៩ ណាម្នាក់ស្លាប់។
ការមានប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយបញ្ចប់ការចុះពិនិត្យដំណើរការសាងសង់ផ្លូវថ្នល់ចាក់បេតុង ចាប់ពីតំបន់ឆ្នេរសមុទ្ររាម ឆ្ពោះមកកាន់ឆ្នេរអូត្រេះ និងអូឈើទាល។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម័យពិភពលោកផ្ទុះជំងឺកូវីដ១៩ មិនបានគិតថា ប្រទេសអ្នកមាន ឬប្រទេសអ្នកក្រនោះទេ ប្រសិនបើខ្វះការប្រុងប្រយ័ត្ន ឬខ្វះវិធានការណ៍ក្នុងការគ្រប់គ្រងប្រជាជនខ្លួន ច្បាស់ជាប្រឈមខ្លាំងជាក់ជាមិនខានឡើយ ហើយកម្ពុជាមិនមែនជាប្រទេសជឿនលឿនផ្នែកវិជ្ជសាស្ដ្រនោះទេ ប៉ុន្ដែបានគិតគូរច្បាស់ពីបញ្ហានេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រទេសខ្លះដែលមានវិជ្ជសាស្ដ្រជឿនលឿន ហើយប្រទេសអ្នកមានទៀត បែរជាខ្វះម៉ាស់ ខ្វះសម្ភារបំពាក់ការពារឲ្យគ្រូពេទ្យ ហើយទុកឲ្យគ្រូពេទ្យឆ្លងជំងឺ រួចហើយមានមុខមកសរសេរអាក្រក់ពីយើងទៀតថា ប្រព័ន្ធសុខាភិបាលកម្ពុជាខ្សោយ ប្រព័ន្ធសុខាភិបាលឡាវខ្សោយ មីយ៉ាន់ម៉ាខ្សោយ ប្រទេសនេះខ្សោយ ប៉ុន្ដែប្រទេសខ្លួនឯងជឿនលឿនងាប់រកដីកប់មិនបាន រួចមកមានសិទ្ធិសរសេរមកដៀលគេទៀត»។
បើតាមប្រសាសន៍របស់នាយករដ្ឋមន្ដ្រីនៃកម្ពុជា កន្លងទៅសម្ដេចធ្លាប់បានប្រាប់ទៅក្រុមគ្រូពេទ្យថា បើគ្មានឧបករណ៍គ្រប់គ្រាន់កុំចូលប្រយុទ្ធ ដែលនេះខុសពីការប្រយុទ្ធក្នុងសមរភូមិ ព្រោះថាយើងអាចពលីជីវិតខ្លួនយើង តែយើងអាចសង្គ្រោះមនុស្សម្នាក់បាន ប៉ុន្ដែការប្រយុទ្ធជាមួយកូវីដ បើគ្មានវិធីការពារខ្លួនទេ ច្បាស់ណាស់ថាគ្រូពេទ្យក៏ស្លាប់ ហើយអ្នកជំងឺក៏ស្លាប់។
ប្រទេសខ្លះដែលមានវិជ្ជសាស្ដ្រជឿនលឿន ហើយប្រទេសអ្នកមានទៀត បែរជាខ្វះម៉ាស់ ខ្វះសម្ភារបំពាក់ការពារឲ្យគ្រូពេទ្យ ហើយទុកឲ្យគ្រូពេទ្យឆ្លងជំងឺ រួចហើយមានមុខមកសរសេរអាក្រក់ពីយើងទៀតថា ប្រព័ន្ធសុខាភិបាលកម្ពុជាខ្សោយ ប្រព័ន្ធសុខាភិបាលឡាវខ្សោយ មីយ៉ាន់ម៉ាខ្សោយ ប្រទេសនេះខ្សោយ ប៉ុន្ដែប្រទេសខ្លួនឯងជឿនលឿនងាប់រកដីកប់មិនបាន រួចមកមានសិទ្ធិសរសេរមកដៀលគេទៀត។
ពាក់ព័ន្ធជាមួយករណីគ្រូពេទ្យនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដែរថា កាលមុនគេជេរគ្រូពេទ្យខ្មែរ ប៉ុន្តែឥឡូវនេះ ដោយឃើញពលិកម្មរបស់គ្រូពេទ្យ និងអ្នកជួរមុខទាំងឡាយដែលប្រយុទ្ធនឹងកូវីដ១៩ អារម្មណ៍របស់ប្រជាពលរដ្ឋចាប់ផ្តើមប្រើប្រួល មកលើគ្រូពេទ្យ ហើយសម្ដេចក៏បានកោតសរសើរ និងថ្លែងអំណរគុណគ្រូពេទ្យខ្មែរ ដែលបានប្រយុទ្ធនឹងជំងឺកូវីដ១៩កន្លងមកនេះ។
បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានកោតសរសើរគ្រប់ខេត្តទាំងអស់ ដែលបន្ទាប់ពីបានចេញបញ្ជា គឺបានរៀបចំទាន់ពេលវេលានូវបន្ទប់ព្យាបាល អ្នកជំងឺកូវីដ បានជាង៣ពាន់បន្ទប់ ហើយសម្ដេចសង្កត់ធ្ងន់ថា រលកទី១ បានទៅបាត់ហើយ ប៉ុន្តែគេព្រួយបារម្ភនូវរលកទី២ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយសារតែមានករណីជាក់ស្តែងនៅប្រទេសចិន និងកូរ៉េខាងត្បូងជាដើម។
ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណប្រជាពលរដ្ឋ ដែលការពារខ្លួនពីកូវីដ១៩ ហើយក៏កោតសរសើរដល់ពលករខ្មែរ មកពីប្រទេសថៃ រាប់ម៉ឺននាក់ ដែលមិនបាននាំកូវីដ១៩ មកកម្ពុជាសូម្បី១ករណី។ ដោយឡែក កម្មករជាង៩០ភាគរយ បានទទួលយកសំណូមពររាជរដ្ឋាភិបាល ដោយមិនបានឈប់សម្រាកនៅក្នុងឱកាសចូលឆ្នាំ ហើយមានតែមានមួយចំនួនតូចប៉ុណ្ណោះ ដែលឈប់ទៅចូលឆ្នាំ។
សូមជម្រាបថា គិតត្រឹមម៉ោង ៦៖០០នាទីល្ងាចថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០នេះ កូវីដ១៩ ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៣ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។
ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៦,២៨៨,១៧៦នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៣៧៤,៣២៧នាក់បានស្លាប់បាត់បង់ជីវិត និង ២,៨៥៨,៦២៩នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណីគឺមាន ១៧៣ប្រទេស និងដែនដីដដែល ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៦៨៕