(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ និងអង្គភាពទាហានមួកខៀវ (FC) រួមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត គ្រោងនឹងរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ទោ ស សាវី នាយទាហាននៃកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ២៣១ ដែលបានបាត់បង់ជីវិតបំពេញបេសកកម្មមនុស្សធម៌ នៅប្រទេសម៉ាលី នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ នៅរដ្ឋធានីបាម៉ាកូ សាធារណរដ្ឋម៉ាលី។
តាមការប្រកាសរបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា បានឱ្យដឹងថា ពិធីគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ ស សាវី មានការអញ្ជើញចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ (SRSG), មេបញ្ជាការទាហានមួកខៀវ(FC), ថ្នាក់ដឹកនាំមន្ត្រី យោធាស៊ីវិល កងយោធាមួកខៀវក្នុងតំបន់MINUSMA ព្រមទាំងមន្ត្រីម្ចាស់តំបន់ផងដែរ។
សពរបស់ ឧត្តមសេនីយ៍ទោ ស សាវី ត្រូវបានកម្លាំងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ២៣១ ព្រមទាំងនាយទាហាន នាយទាហានរងទាំងអស់ ដែលបម្រើការក្នុងក្រមខណ្ឌ អង្គការសហប្រជាជាតិ នៃសាធារណរដ្ឋម៉ាលី រៀបចំពិធីជូនដំណើរសព នៅព្រលានយន្តហោះទីក្រុងហ្កាវ ប្រទេសម៉ាលី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ដើម្បីដឹកឆ្ពោះទៅរដ្ឋធានីបាម៉ាកូ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ស សាវី បានទទួលមរណភាពដោយ ជំងឺកូវីដ១៩ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ខណៈដែលបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី។
រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្តែងការសោកស្តាយ និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ និង២០លានរៀល ជូនគ្រួសារសពផងដែរ៕