(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះប្រគល់ជូនលោកស្រី ទឹម សាអែម អាយុ៣៨ឆ្នាំ ដែលជាគ្រួសារទីទ័លក្រមានកូនភ្លោះ៣ និងមានសមាជិករស់នៅក្នុងបន្ទុកសរុបចំនួន៩នាក់ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ក្នុងឱកាសនោះដែរលោក គង់ សោភ័ណ្ឌ ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកជាទីបំផុត។
លោក គង់ សោភ័ណ្ឌ បានបន្តថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្តេចតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋទូទៅដោយពុំមានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ ជាមួយគ្នានេះផងដែរ លោកក៏បានផ្តាំផ្ញើដល់បងប្អូន ដែលជាគ្រួសារងាយរងគ្រោះ ពិសេសប្រជាពលរដ្ឋដែលរស់នៅទីនេះទាំងអស់សូមមេត្តាថែទាំសុខភាពឲ្យបានល្អទាំងអស់គ្នា។
លោកបញ្ជាក់ទៀតថា ចំពោះការរស់នៅទៀតសោត គឺត្រូវប្រកាន់យកការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងត្រូវសំអាតអនាម័យបរិស្ថាននៅជុំវិញផ្ទះឲ្យបានស្អាត ជានិច្ច ហើយត្រូវគេងក្នុងមុងព្រោះរដូវនេះគឺជារដូវវស្សា ហើយការអនុវត្តបែបនេះក្នុងគោលបំណងដើម្បីចូលរួមការពារកុំឲ្យកើតមានជំងឺគ្រុនឈាមដល់កូនចៅ និងចូលរួម ទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ជាចម្បង ជាពិសេសសូមកុំមានការធ្វេសប្រហែសក្នុងការការពារពីជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិ បាលឲ្យបានជាប់លាប់ជាប្រចាំ។
លោកស្រី ទឹម សាអែម ក៏បានថ្លែងអំណរគុណជាអនេកជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ និងបាន ថ្លែងអំណរគុណដល់លោកអភិបាលខេត្តកណ្ដាល ដែលបានចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយនិងថវិការប្រគល់ជូនលោកស្រីផងដែរ ដែលនេះជាកាយវិការ មនុស្សធម៍ដ៏ល្អឯកគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។
សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនគ្រួសារសម្រាលបានកូនភ្លោះ៣នាក់នោះរួមមាន៖ អង្ករ ៦០គីឡូក្រាម, ទឹកសុទ្ធ ១កេស, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ ,ទឹកដោះគោឆៅ ១កេស, ទឹកដោះគោស៊ីមមីឡាក់ ( Similac ) ១២កំប៉ុង, ស្ករស ៤កញ្ចប់, ទឹកអាល់កុល ១ដបធំ, ម៉ាស់ ១០បន្ទះ និងថវិកាចំនួន ១លានរៀល។ ជាមួយគ្នានេះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ បានឧបត្ថម្ភបន្ថែមនូវអង្ករ ២៥គីឡូក្រាម,ទឹកត្រី និងទឹកស៊ីអ៊ីវ ១យួរ, ទឹកដោះគោខាប់ ២កំប៉ុង,ស្ករស ២កញ្ចប់, ប៊ីចេង ២កញ្ចប់, មុង ខ្នើយ ភួយ កន្ទេល ១ ,សម្ភារផ្ទះបាយ១ឈុត និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕