(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ កម្ពុជា-ជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហរិញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៤,៥០១ លានយ៉េន (ប្រមាណ៤១.៤លានដុល្លារ) សម្រាប់អនុវត្ដគម្រោង ចំនួន៣ នៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ពិធីចុះហត្ថលេខាខាងលើនេះ មានការចូលរួមពី លោក ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងការបរទេស។
សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានបន្ថែមទៀតថា គម្រោងអនុវត្តទាំង៣នេះរួមមាន៖
ទី១៖ អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សចំនួន ៣៤៨ លានយ៉េន (ប្រមាណ៣.២លានដុល្លារ)
ទី២៖ ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន២,១៥៣ លានយ៉េន (ប្រមាណ១៩.៨លានដុល្លារ)
ទី៣៖ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារវេជ្ជសាស្ត្រសម្រាប់ការការពារ និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២,០០០លានយ៉េន (ប្រមាណ ១៨.៤០ លានដុល្លារ)។
ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស៖