(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះបានអះអាងថា បន្ទាប់ពីកម្ពុជា-ចិន ចុះហត្ថលេខាលើពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន ដែលនឹងរៀបចំឡើងនាថ្ងៃទី៩ ខែមិថុនាហើយ កម្ពុជាអាចនាំចេញផ្លែស្វាយ មានគុណភាពខ្ពស់៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ។
ស្ថានទូតចិនយល់ឃើញថា ការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន ដោយផ្ទាល់នេះ នឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្ម ក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរផងដែរ។
Facebook ផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានចុះផ្សាយយ៉ាងដូច្នេះថា «ផ្លែស្វាយក្នុងប្រទេសកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងពេលបន្តិចទៀតនេះ។ ភាគីចិន និងកម្ពុជានឹងរៀបចំផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន ដែលនឹងរៀបចំឡើងនាថ្ងៃទី៩ ខែមិថុនា ក្នុងទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផ្លែស្វាយកម្ពុជាជាកសិផលម្យ៉ាងទៀត បន្ទាប់ពីផ្លែចេកដែលអាចត្រូវបានអនុញ្ញាតនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ កម្ពុជាអាចនាំចេញផ្លែស្វាយ ដែលមានគុណភាពខ្ពស់ចំនួន៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ។ នឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្ម ក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ»។
សូមជម្រាបថា បន្ទាប់ពីមានកិច្ចចរចារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន លើការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិនដោយផ្ទាល់, ទីបំផុតភាគីទាំង២ បានសម្រេចជាលទ្ធផលហើយ ដោយការហត្ថលេខាលើពិធីសារផ្លូវការ ក្នុងការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិន នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «នៅព្រឹកថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ក្រសួងនឹងរៀបចំចុះហត្ថលេខា លើពិធីសារជាផ្លូវការក្នុងការនាំស្វាយស្រស់ ទៅកានប្រទេសចិន»។
នេះជាជោគជ័យលើកទី២លើការចរចា ក្នុងការនាំចេញផ្លែឈើស្រស់ ពីកម្ពុជាទៅចិនដោយផ្ទាល់ ដោយជោគជ័យលើកទី១ លើការនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិន។ ក្រៅពីផ្លែស្វាយនេះ កម្ពុជាក៏កំពុងចរាចរណ៍ជាមួយចិន ក្នុងការនាំចេញ តាងែន (មៀនប៉ែលិន) ស្រការនាគ និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិនដោយផ្ទាល់ផងដែរ។ បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជាចំនួន៥មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី និងចេក។
របាយកាណ៍រស់ក្រសួងកសិកម្មបានឲ្យដឹងថា នៅរយៈពេល៥ខែដំបូងឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ (តួលេខផ្លូវការ) បាន ៤៤,០៩៩ តោន កើនឡើងប្រមាណ ១៤,៨៨៥តោន ស្មើនឹង ៥០.៩៥% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ២៩,២១៤ តោនប៉ុណ្ណោះ។
កម្ពុជា និងកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងរួចហើយ ក្នុងការអនុញ្ញាតឲ្យផ្លែស្វាយស្រស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅប្រទេសកូរ៉េ៕